រុស្ស៊ី៖នៅថ្ងៃពុធនេះក្រសួងការពារជាតិរុស្ស៊ីបានចែករំលែករូបវីដេអូឃ្លីបនៃការវាយប្រហារដោយមីស៊ីល មកលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន។ រូបវីដេអូឃ្លីបនេះ ឃើញមីស៊ីលបាញ់ចេញពីដីគោក និងក្នុងសមុទ្រ ។
ខណៈពេលនោះដែរ ទូរទស្សន៍រដ្ឋរុស្ស៊ី បានចេញផ្សាយវីដេអូឃ្លីប ដែលខ្លួនបាននិយាយថា ជាការបង្ហាញ ពីក្រុមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ីមកពីតំបន់ដូណេតស្ក៍ (Donetsk) កំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងការខូចខាតនៅអាកាសយានដ្ឋានក្រុង ម៉ារីប៉ូល (Mariupol) ។
ទូរទស្សន៍ RU-RTR បានរាយការណ៍ថា ក្រុមផ្ដាច់ខ្លួនកំពុងស្ថិតនៅក្នុងទីក្រុង ម៉ាយីនកា( Maryinka) ក្នុងតំបន់ ដូណេតស្ក៍ និងបានបង្ហាញផងដែរពីទិដ្ឋភាពនៃការខូចខាតរបស់អាកាសយានដ្ឋានទីក្រុង ម៉ារីប៉ូល ដោយអះអាងថា អាកាសយានដ្ឋានមួយនេះ ត្រូវបានប្រើជាបន្ទាយទាហាន សម្រាប់យោធាអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍នេះ ពុំបាននិយាយទេថាតើ វីដេអូនេះ ត្រូវបានថតនៅពេលណានោះដែរ ស្របពេលដែលទីភ្នាក់ងារព័ត៌មានAPមិនអាចស្វែងរកការបញ្ជាក់ឲ្យបានច្បាស់លាស់ពីរបាយការណ៍មួយនេះ ។
កាលពីថ្ងៃអង្គារម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ី បានចែករំលែកវីដេអូនៃការវាយប្រហារដោយឧទ្ធម្ភាគចក្រ Ka-52 របស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក អ៊ីហ្គ័រ កូណាសេនកូវ (Igor Konashenkov) បាននិយាយថា ការវាយប្រហារដោយប្រើឧទ្ធម្ភាគចក្ររបស់រុស្ស៊ី បានកម្ទេចរថក្រោះ ប្រភេទ BMPs និង APCs ចំនួន៧គ្រឿង របស់អ៊ុយក្រែន៕