ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងបាញ់មីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីបICBMជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧

តំបន់ឧបទ្វីបកូរ៉េ៖ កូរ៉េខាងត្បូង និងជប៉ុន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលហាមឃាត់បាលីស្ទិកអន្តរទ្វីប(ICBM)ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ។
ក្រុមមន្រ្តីជប៉ុនបានប៉ានស្មានថា មីស៊ីលនេះ ហោះបានចម្ងាយ ១.១០០គ.ម និងបានធ្លាក់ក្នុងដែនសមុទ្រជប៉ុន ក្រោយហោះហើរបានរយៈពេលជាង ១ម៉ោង ។

ពួកគេអះអាងថា ការបាញ់សាកល្បងមីស៊ីលនៅថ្ងៃព្រហស្បតិ៍នេះ ទំនងជាងមីស៊ីលថ្មីជាងមុន និងមានកម្លាំងខ្លាំងជាងមីស៊ីលបានបាញ់កាលពីរយៈពេល ៥ឆ្នាំមុន ដែលបានហោះឡើងដល់រយៈកម្ពស់ជាង ៦ពាន់គ.ម ។
គួរឲ្យដឹងថា មីស៊ីល ICBM អាចធ្វើដំណើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារ ហើយតាមទ្រឹស្តីបទ វាអាចហោះដល់សហរដ្ឋអាមេរិក ។
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនលើកច្រើនសាររួចមកហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ការសាកល្បងមួយចំនួននៃមីស៊ីលទាំងនេះដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការបាញ់ផ្កាយរណប គឺជាការសាកល្បងពិតប្រាកដនៃប្រព័ន្ធមីស៊ីល ICBM ។
ពួកគេ បានធ្វើការព្រមានកាលពីប៉ុន្មានមុនថា កូរ៉េខាងជើង អាចនឹងត្រៀមខ្លួនបាញ់សាកល្បងមីស៊ីល ICBMរយៈចម្ងាយពេញ ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ។
យោធាកូរ៉េខាងត្បូង បាននិយាយថា កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២កន្លងទៅ កូរ៉េខាងជើង បានបាញ់មីស៊ីលដែលបានផ្ទុះភ្លាមៗក្រោយពេលហោះចេញពីជើងទម្រ នៅទីក្រុងព្យុងយ៉ាង ។
ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្កោលទោសការបាញ់មីស៊ីលចុងក្រោយនេះ ដោយលោកបានចាត់ទុកថា វាជាការបំពានលើការផ្អាកការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលត្រូវបានសន្យាដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចំពោះសហគមន៍អន្តរជាតិ ហើយវាបានបំពានទាំងស្រុងលើទណ្ឌកម្មអង្គការសហប្រជាជាតិ(UN)៕