អន្តរជាតិ៖ ការវាយប្រយុទ្ធគ្នាដ៏ស្វិតស្វាញ នៅក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ខែទី៣ហើយ ខណៈរុស្ស៊ីនៅតែបន្តបាញ់ផ្លោងលើទីក្រុងកំពង់ផែភាគខាងត្បូង Mariupol និងបានបើកការវាយប្រហារថ្មីៗ នៅទូទាំងតំបន់ Donbas ខណៈពលរដ្ឋរុស្ស៊ី និងអ៊ុយក្រែនបា្ររព្ធពិធីបុណ្យ អ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុក។
កងកម្លាំងរបស់រុស្ស៊ី បានបើកការវាយប្រហារតាមអាកាសបន្ថែមទៀត ស្រោចទៅលើរោងចក្រស្លដែក Azovstal ក្នុងទីក្រុង Mariupo ដើម្បីវាយបណ្ដេញទាហានអ៊ុយក្រែនសេសសល់ចុងក្រោយកំពុងលាក់ខ្លួនក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រឆ្លើយតបទៅនឹងអ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Shtupun។
អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងទីក្រុងសមរភូមិ Mariupol សម្រាប់ថ្ងៃពិធីបុណ្យ អ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុក ដែលបានប្រារព្ធឡើងទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បាននិយាយនៅលើបណ្ដាញសង្គម Twitter ភ្លាមៗ ថា កន្លែងដែលជនស៊ីវិល និងកងទ័ពជើងទឹករបស់យើងស្នាក់នៅ កំពុងរងការបាញ់ផ្លោងដោយមានការទម្លាក់គ្រាប់បែបពីលើអាកាស និងកាំភ្លើងធំ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ក្នុងពេលប្រទេសនេះប្រារព្ធពិធីបុណ្យអ៊ីស្ទ័រ ក្នុងទីក្រុង Mariupol។
ខណៈពេលនោះដែរ លោកប្រធានាធិបតី Volodymyr Zelensky បានបង្ហាញពីប្រភេទហេតុការណ៍ ដែលអាចបង្ខំឲ្យប្រទេសរបស់លោកដកខ្លួនចេញពីការចរចាសន្តិភាពជាមួយក្រុង Moscow ។
ថ្លែងអំឡុងសន្និសីទសារព័ត៌មាននៅស្ថានីយ៍រថភ្លើងក្រោមដីមួយ ក្នុងចំណោមស្ថានីយ៍រថភ្លើងក្រោមដី ជាច្រើនរបស់រដ្ឋធានី Kiev ស្របពេលសង្រ្គាមនៅតែបន្ត លោក Zelensky ត្រូវបានសួរពីមធ្យោបាយដែលរដ្ឋាភិបាលរបស់លោកត្រូវឆ្លើយតបបែបណា ចំពោះការធ្វើប្រជាមតិទាមទារឯករាជ្យនាពេលអនាគត នៅក្នុងដែនដីគ្រប់គ្រងដោយរុស្ស៊ី ។ លោកប្រធានាធិបតី បានទទួលស្គាល់ថាបញ្ហានេះនឹងបង្ខំឲ្យលោកបញ្ឈប់រាល់ការចរចាណាមួយជាមួយទីក្រុង Moscow។
លោក Zelensky និយាយថា បើប្រជាជនរបស់លោក ត្រូវបានកម្ទេចនៅក្នុងទីក្រុង Mariupol ប្រសិនបើការធ្វើប្រជាមតិ ជាប្រជាមតិក្លែងក្លាយ ដែលត្រូវបានប្រកាសនៅក្នុងសាធារណរដ្ឋក្លែងក្លាយថ្មីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសរបស់លោកនឹងដកខ្លួនចេញពីដំណើរការចរចា។
ទីក្រុង Moscow បានប្រកាសការវាយដណ្ដើមកាន់កាប់ទីក្រុង Mariupol កាលពី២ថ្ងៃមុន ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានផ្អាកការវាយប្រហារលើរោងចក្រដែកថែបAzovstal ដែលនៅជាមូលដ្ឋានលាក់ខ្លួនចុងក្រោយរបស់ទាហានអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែ ដ៏សំខាន់មួយនេះ រួមទាំងក្រុមសមាជិកមកពីកងវីរសេនាធំណាស៊ីនិយមបែបថ្មី Azov។
ដោយឡែក ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ចំនួនជនជាតិអ៊ុយក្រែនដែលបានរត់ចេញពីប្រទេសរបស់ខ្លួនចាប់តាំងពីការលុកលុយរបស់រុស្ស៊ី កាលពី២ខែកន្លងទៅនេះកំពុងកើនឡើងដល់ជិត៥លាន២សែននាក់។
ឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថាតួលេខសរុបចំនួន ៥.១៨៦.៧៤៤នាក់ គឺកើនឡើង ២៣.០៥៨នាក់ គិតតាមទិន្នន័យកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ ។
ពលរដ្ឋអ៊ុយក្រែនជាង ១.១៥១.០០០នាក់ បានចាកចេញពីប្រទេសនេះអំឡុង ខែមេសា ធៀបនឹងចំនួនជាង ៣ លាន ៤ សែននាក់ នៅក្នុងខែ មីនា ។ ទិន្នន័យចុងក្រោយបំផុត មានឡើង ខណៈប្រជាជនអ៊ុយក្រែនបា្ររព្ធពិធីបុណ្យ អ៊ីស្ទ័រ នៃគ្រិស្តសាសនិកនិកាយអូថូដុក កាលពីថ្ងៃអាទិត្យ។
ប្រធាន UNHCR លោក Filippo Grandi បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា សម្រាប់ពលរដ្ឋអ៊ុយក្រែន និងអ្នកទាំងឡាយដែលបានបង្ខំចិត្តរត់ភៀសខ្លួនចេញពីប្រទេសនេះ វានឹងក្លាយជាថ្ងៃផ្សេងទៀត ដែលប្រកបដោយភាពភ័យខ្លាច ទុក្ខព្រួយ ការបាត់បង់ និងការព្រាត់ប្រាសចេញពីមនុស្សជាទីស្រឡាញ់ ខណៈដែលសង្រ្គាមនៅតែបន្តដោយគ្មានក្ដីអាណិតអាសូរ ៕