បន្ទាយមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយចូលឆ្នាំខ្មែរកន្លងផុតទៅ ពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងដែនតាមច្រករបៀងព្រំដែន ដើម្បីទៅធ្វើការវិញនៅក្នុងប្រទេសថៃ ប៉ុន្តែអ្នកខ្លះត្រូវជាប់គាំងតាមបន្ទាត់ព្រំដែន ដោយរងចាំរថយន្តមេខ្យល់ថៃដឹកចូលទៅ រីឯអ្នកខ្លះទៀតត្រូវនគរបាលថៃ ចាប់បញ្ជូនមកវិញ។
មន្ត្រីនគរបាល និងទាហានខ្មែរឈរជើងតាមព្រំដែន បានឲ្យដឹងថា សកម្មភាពពលករខ្មែរឆ្លងដែនបានហើយ ប៉ុន្តែត្រូវជាប់គាំងនេះ កើតនៅក្នុងក្នុងភូមសាស្គ្រស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្ររបស់ថៃ ដែលឈមនឹងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រុមពលករខ្មែរទាំងនេះ បាននិយាយកាលពីម្សិលមិញថា ពួកគាត់ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ខ្មែរ ដោយត្រូវបង់លុយឲ្យមេខ្យល់ម្នាក់ ជាងប្រាំពីរសែនរៀល ដើម្បីមេខ្យល់ដឹកបន្តដល់ចំណុចព្រំដែនខ្លាងាប់ ដោយមានមេខ្យល់ថៃ រងចាំទទួលនាំឆ្លងដែន និងដឹកដល់កន្លែងមានការងារធ្វើ។
ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុពួកគេត្រូវជាប់គាំង នៅត្រង់ភូមិសាស្ត្រខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយសាររថយន្តមួយគ្រឿងដឹកពលករខ្មែរប្រមាណ១៨នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់ពីរនាក់ ធ្វើឲ្យសមត្ថកិច្ចថៃពង្រឹងការត្រួតពិនិត្យតាមដងផ្លូវ។
ពួកគាត់បានបញ្ជាក់ថា ក្រុមពលករចេញមុនមួយឡាន មានគ្នា១៨នាក់ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកពលករខ្មែរបុកជាមួយរថយន្តធំ បណ្តាលស្លាប់ពីរនាក់ ថៃម្នាក់នាក់ ខ្មែរម្នាក់ និងរបួស១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ។
ករណីឆ្លងដែនខុសច្បាប់នេះ នៅភូមិសាស្គ្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលបីថ្ងៃសមត្ថកិច្ចការពារព្រំដែនគោក បានស្ទាក់ឃាត់ពលករខ្មែរបម្រុងលួចឆ្លងដែន ចូលទៅទឹកដីថៃចំនួន១៣៩នាក់ រួចអប់រំធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។
លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៥ បានឲ្យដឹងថា ក្នុងចំណោមពលករ១៣៩នាក់នេះ មានស្រី៥៦នាក់ និងកុមារ២៧នាក់។ ចំណែកពលករប្រុសពេញកម្លាំងវិញ មិនត្រូវបានឃាត់ខ្លួនឡើយ សង្ស័យឆ្លងដែនទៅមុនជាមួយក្រុមផ្សេង៕