ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្ដីពីការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022” នៅ មជ្ឈមណ្ឌលសន្និសីទ និង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
ក្នុងនាមគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម អន្តរជាតិ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នក ផ្តល់សេវាទាំងអស់ដែលកំពុងធ្វើធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ បានជ្រាបថា៖ ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់លើការចូលរួម រៀបចំពិព័រណ៍ ចិន-អាស៊ាន ចំនួន១៨ លើក រួចមកហើយកាលពីពេលកន្លងទៅ ក្រសួង ពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត រៀបចំពិព័រណ៍ ចិន-អាស៊ាន លើក ទី១៩ “The 19th China-ASEAN Expo 2022”ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញាឆ្នាំ២០២២នៅមជ្ឈមណ្ឌលសន្និសីទនិង ពិព័រណ៍អន្តរជាតិនាទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់ចូលរួមដោយផ្ទាល់ និងចូលរួមតាមប្រព័ន្ធអនឡាញ (Physical and Virtual Exhibition)។
ដោយស្ថានភាពនៃជំងឺ កូវីដ-១៩ នៅមិនទាន់អាចព្យាករណ៍បាននៅប្រទេសចិន ការរៀបចំពិព័រណ៍ចិន-អាស៊ាន ឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្ម ផ្តល់អាទិភាពខ្ពស់ដល់ ក្រុមហ៊ុន ឬសហគ្រាសកម្ពុជា ដែលមានសាខា ឬតំណាងចែកចាយផលិតផលនៅប្រទេសចិនស្រាប់ និងជំរុញលើកទឹកចិត្តការចូលរួមពីចម្ងាយតាមរយៈការបញ្ជូនផលិតផលនិងសេវាទៅចូលរួមដាក់តាំងបង្ហាញជូនអ្នកទស្សនានិងស្វែងរកដៃគូពាណិជ្ជកម្មនិងវិនិយោគនៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍ខាងលើ។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែល មាន បំណងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ ឬ តាមប្រព័ន្ធ អនឡាញ សូមមកបំពេញ បែប បទ និងដាក់ពាក្យសុំចូលរួមឲ្យបានមុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតាមរយៈអាសយដ្ឋាន៖ដីឡូត៍លេខ១៩-៦១មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ / ០៨៩ ៩១១ ១០១ / ០១៧ ៧៥៩ ៥៦៧ / ០៨៧ ៧៥៥ ៥៥១ អ៊ីម៉ែល៖ chaoji168@gmail.com / sanphirun1977@gmail.com / vannameass@yahoo.com / ritatong19@gmail.com ។