អន្តរជាតិ៖សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅហុងកុងនិងនៅចិនដីគោកបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅអាស៊ី ក្រោយពេលផ្សារភាគហ៊ុននៅញូវយ៉ក បានធ្លាក់ចុះយ៉ាងឆាប់រហ័សនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ។
ភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ចុះចំនួន ៣,៣ភាគរយ ខណៈដែលភាគហ៊ុន Shanghai Stock Exchange បានធ្លាក់ចុះ ១,៦ភាគរយ ហើយភាគហ៊ុន ASX 200 របស់អូស្រ្តាលី បានធ្លាក់ចុះ ២,៤ភាគរយ ។
ការធ្លាក់តម្លៃភាគហ៊ុនទាំងនេះ បានកើតមានឡើង បន្ទាប់ពីភាគហ៊ុនអាមេរិក Dow រួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Nike បានធ្លាក់ចុះ ៣,១ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ។
ដោយឡែក ភាគហ៊ុន S&P 500 បានធ្លាក់ចុះ ៣,៦ភាគរយ ខណៈដែលភាគហ៊ុន Nasdaq បានធ្លាក់ចិះជិត ៥ភាគរយ ។
ការខាតបង់បានលុបចោលផលចំណេញដែលទីផ្សារទទួលបានកាលពីថ្ងៃពុធ ក្រោយពេលធនាគារកណ្តាលអាមេរិក ប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ ពី ០,៧៥ភាគ ដល់ ១ភាគរយ ។
ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមវិនិយោគិន ធូរស្រាលនៅពេលដែលធនាគារ មិនចាត់វិធានការតឹងរឹងជាងនេះ ក្នុងនោះប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បាននិយាយថា ការដំឡើងអត្រាការប្រាក់ខ្ពស់ជាងនេះ មិនស្ថិតក្រោមការពិចារណានោះទេ ។
ប៉ុន្តែការខាតបង់កាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា ក្តីកង្វល់នៅតែមានចំពោះថាតើធនាគារកណ្តាលអាមេរិក នឹងអាចពន្យឺតសកម្មភាពសេដ្ឋកិច្ចបានគ្រប់គ្រាន់ឬយ៉ាងណាដើម្បីធ្វើឲ្យធូស្រាលការឡើងថ្លៃ ដោយមិនធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ។
ការឡើងថ្លៃភាគហ៊ុននេះដែរ បង្កឡើងដោយសារកត្តាជាច្រើនទៀតក្រៅពីការគ្រប់គ្រងរបស់ធនាគារកណ្តាលអាមេរិក ដូចជាការហក់ឡើងខ្ពស់តម្លៃថាមពល ដោយសារសង្រ្គាមនៅអ៊ុយក្រែន ៕