ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

បរទេស៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថាប្រទេសអ៊ុយក្រែន គួរតែបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនដែលនៅតែពួនសំងំក្នុងរោងចក្រដែកថែបរងការហ៊ុមទ័ព Azovstal របស់ទីក្រុងយុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធចុះ ដើម្បីឲ្យជនស៊ីវិលមានឱកាសចាកចេញពីរោងចក្រត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mariupol ។
ក្រុង Moscow បានសន្យាឲ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែមានគ្រាប់ផ្លោងវាយប្រហារទៅលើរោងចក្រដែកថែប ជាទីដែលជនស៊ីវិលប្រមាណ ២០០ នាក់ នៅតែជាប់ ជាមួយទាហានអ៊ុយក្រែន។
មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ខណៈការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើង កាល ពីថ្ងៃព្រហស្បតិ៍នៅរោងចក្រដែកថែបដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងMariupol កងកម្លាំងរុស្ស៊ី ភាគច្រើនដែលនៅក្នុងទីក្រុងនេះបានចាកចេញ ហើយបានផ្លាស់ប្តូរទៅភាគខាងជើង ដោយបន្សល់ ទុកចំនួនតិចតួចនៅលើទឹកដីនេះ។
លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថាយើងនៅតែឃើញទីក្រុងMariupol ស្ថិតនៅក្រោមការហ៊ុមព័ទ្ធពីការទម្លាក់គ្រាប់បែកតាមរយៈការ វាយប្រហារតាមអាកាសភាគច្រើន។
លោកនិយាយថា ទាហានអ៊ុយក្រែននៅតែស្ថិតនៅក្នុងរោងចក្រនេះ ហើយពួកគេនៅតែទប់ទល់ជាមួយកម្លាំងរុស្ស៊ី។ ការប្រយុទ្ធបង្ហូរឈាមបានកើតឡើងក្នុងពេលមានការរំពឹងទុកថា លោកប្រធានាធិបតី Putin មានបំណងបង្ហាញប្រជាជនរុស្ស៊ីនូវភាពជោគជ័យក្នុងការប្រយុទ្ធដ៏សំខាន់ ឬប្រកាសពីការ កើនឡើងនៃសង្រ្គាមទាន់ពេលសម្រាប់ទិវាជ័យជំនះនៅថ្ងៃច័ន្ទខាងមុខនេះ។ នោះគឺជាថ្ងៃឈប់ សម្រាកស្នេហាជាតិដ៏ធំបំផុតនៅលើប្រតិទិនរុស្ស៊ី ជាការប្រារព្ធជ័យជំនះរបស់សហភាពសូវៀតលើ ណាស៊ីអាល្លឺម៉ង់។
តាមការប៉ាន់ប្រមាណកាលពីពេលថ្មីៗនេះរបស់រុស្ស៊ីបាននិយាយថា អ្នកប្រយុទ្ធអ៊ុយក្រែនប្រមាណ ២ពាន់នាក់ បានជាប់នៅក្នុងរូងក្រោមដី និងលេណដ្ឋាននៅក្រោមរោងចក្រដែកថែប Azovstal ដ៏ធំក្នុងទីក្រុងMariupol ជាទីលាក់ខ្លួនចុងក្រោយនៃការទប់ទល់នៅក្នុងទីក្រុងមួយដែលបានប្រែ ក្លាយទៅជាកំទេចកំទីក្នុងរយៈពេលពីរខែកន្លងទៅនេះ។
វិមានក្រឹមឡាំងបានទាមទារឱ្យអ្នកប្រយុទ្ធចុះចាញ់ ប៉ុន្តែពួកគេបានបដិសេធ។ រុស្ស៊ី បានចោទពួកគេ ថាបានរារាំងជនស៊ីវិលមិនឲ្យចាកចេញ ។
ខណៈពេលនោះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន បានបំផ្លិចបំផ្លាញមន្ទីរពេទ្យ រាប់រយកន្លែង និងគ្រឹះស្ថានវេជ្ជសាស្ត្រផ្សេងទៀត និងបណ្ដាលឲ្យក្រុមវេជ្ជបណ្ឌិតខ្វះថ្នាំពេទ្យសម្រាប់ទប់ស្កាត់ដំណាក់កាលជំងឺមហារីក ឬសមត្ថភាពធ្វើការវះកាត់ជាដើម ។
លោក Zelenskiy បាននិយាយថា មន្ទីរពេទ្យជាច្រើនកន្លែង ខ្វះខាតសូម្បីតែថ្នាំអង់ទីវីយោទិក ដែលជាតម្រូវការមូលដ្ឋាន នៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនដែលជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក ។
លោក Zelenskiyy បាននិយាយនៅក្នុងសារវីដេអូ ថ្លែងទៅកាន់ក្រុមស្បុរសធម៌វេជ្ជសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ថា បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ គិតត្រឹមថ្ងៃនេះ ទាហានរុស្ស៊ី បានវាយកម្ទេច ឬ បង្កការខូចខាត ស្ថាប័នសុខាភិបាលជិត៤០០ កន្លែង រួមមានមន្ទីរពេទ្យ បន្ទប់សម្ភព និងគ្លីនិកជាដើម ។
ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញពិភពលោកឲ្យរួបរួមគ្នា បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដោយហៅសង្រ្គាមនៅអ៊ុយក្រែនថាគ្មានន័យ គ្មានមេត្តា និងគ្មានដែនកំណត់ចំពោះវិសាលភាពនៃការបំផ្លិចបំផ្លាញដល់ពិភពលោក។ មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា មានត្រឹមតែបទឈប់បាញ់មួយថ្ងៃនឹងការពារការស្លាប់ និងរបួសរបស់ជនស៊ីវិលរាប់សិបនាក់ និងអនុញ្ញាតឱ្យមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតភៀសខ្លួនចេញពីការវាយប្រហាររបស់រុស្ស៊ី។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែនបានស្តាប់របាយការណ៍សង្ខេបពីលោក Guterres ស្តីពីជំនួបរបស់លោកនាពេលថ្មីៗនេះជាមួយប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ដែលនាំឱ្យមានការជម្លៀសមនុស្សចំនួនពីរដងជាលើកដំបូងក្នុងសប្តាហ៍នេះពីទីក្រុង Mariupol ភាគអាគ្នេយ៍ដែលត្រូវបានឡោមព័ទ្ធ និងជាមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែន គឺ រោងចក្រដែកថែប Azovstal ។
ប្រធានផ្នែកមនុស្សធម៌លោក Martin Griffiths បាននិយាយថា ក្បួនរថយន្តទីបីបានចាកចេញពីទីក្រុង Mariupol កាលពីថ្ងៃព្រហស្បតិ៍ ដោយរំពឹងថានឹងមកដល់នៅព្រឹកថ្ងៃសុក្រ ហើយសង្ឃឹមថានឹងមានការជម្លៀសជនស៊ីវិលចេញពីរោងចក្រនេះបន្តទៀត។
លោក Guterres បាននិយាយថា លោកមិនខ្លាចទេក្នុងការនិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ការវាយប្រហារពីប្រទេសរបស់លោក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ លើអ៊ុយក្រែន គឺជាការរំលោភលើបូរណភាពទឹកដីរបស់ប្រទេស និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយ រុស្ស៊ីត្រូវតែបញ្ចប់ដើម្បីជាប្រយោជន៍ដល់ប្រជាជនអ៊ុយក្រែន និងរុស្ស៊ី និងពិភពលោកទាំងមូល ៕