ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិបានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២នេះ។
សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានទទួលម រណភាព ដោយរោគាពាធ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០ ២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។
សពរបស់ សម្ដេច ហ៊ុន ណេង បានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាមក្រុងកំពង់ចាម ខេត្តកំពង់ចាមទៅតាមប្រពៃណីព្រះពុទ្ធសាសនាហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សពសម្ដេច ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕