ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយថា ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេលកំណត់ដែលបងប្រុសទីពីរនឹងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។
សម្តេចបានរំលឹកថា «ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម»។
លើសពីនេះសម្តេចមានប្រសាសន៍ថា នៅមានរឿងសោកសៅជាងនេះសម្រាប់បងប្អូនប្រុសស្រីទាំង៦ នាក់របស់យើងនោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជីវិតទៀតផង។
សម្តេចតេជោបញ្ជាក់ថា «ខ្ញុំបានហាមកូនៗរបស់គាត់មិនឱ្យនិយាយប្រាប់គាត់ពីមរណភាពប្អូនរបស់គាត់ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱ្យគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»៕