ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គំនូរតារាស្រី Marilyn Monroe របស់វិចិត្រករ Warhol លក់ក្នុងតម្លៃខ្ពស់បំផុត១៩៥លានដុល្លារប្រចាំសតវត្សរ៍ទី២០

អាមេរិក៖ គំនូរតារាសម្តែងស្រីអាមេរិក Marilyn Monroe របស់វិចិត្រករ Andy Warhol ត្រូវបានគេដេញថ្លៃយក ក្នុងតម្លៃ ១៩៥លានដុល្លារ ធ្វើឲ្យវាក្លាយជាគំនូរមានតម្លៃថ្លៃបំផុតមិនធ្លាប់ដែលលក់បានក្នុងសតវត្សរ៍ទី ២០ ។
គំនូរ Shot Sage Blue Marilyn ត្រូវបានគូរដោយលោក Warhol ក្នុងឆ្នាំ ១៩៦៤ ដោយប្រើប្រាស់រូបថតដ៏ល្បីល្បាញរបស់នាង ជាគំនិត ។
តម្លៃនេះដែរ គឺជាតម្លៃខ្ពស់បំផុតមិនធ្លាប់ចំណាយលើស្នាដៃវិចិត្រសិល្បៈអាមេរិក ។
ការដេញថ្លៃនៅមជ្ឈមណ្ឌល Christie ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជានិមិត្តរូបនៃសុខភាពទីផ្សារវិចិត្រសិល្បៈប្រណីតរបស់អាមេរិក ។
មុនពេលដេញថ្លៃ មជ្ឈមណ្ឌល Christieបានសរសេរថា គំនូរនេះ ស្ថិតនៅក្នុងចំណោមរូបគំនូរដ៏កម្រ និងអស្ចារ្យបំផុតនៅមាន ដែលដាក់លក់ក្នុងរង្វង់ ២០០លានដុល្លារ ។
ការដេញថ្លៃបានបញ្ចប់ជាមួយនឹងតម្លៃ ១៧០លានដុល្លារ ដែលកើនឡើងដល់ ១៩៥លានដុល្លារ បូករួមទាំងតម្លៃលក់ និងតម្លៃពន្ធ ។
តម្លៃថ្លៃបំផុតលើកមុនសម្រាប់គំនូរអាមេរិក គឺតម្លៃ ១១០.៥លានដុល្លាររបស់គំនូរលលាដ៏ក្បាល ដែលបានគូដោយមិត្តភ័ក្រ្តម្នាក់របស់លោក Warhol គឺលោក Jean-Michael Basquiat កាលពីឆ្នាំ ១៩៨២ ។

តម្លៃចុងក្រោយនេះដែរ បានបំបែកកំណត់ត្រាលើកមុនសម្រាប់គំនូរប្រចាំសតវត្សរ៍ទី ២០ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ពេលដែលគំនូរ Les Femmes d’Alger ឆ្នាំ ១៩៥៥ ជាស្នាដៃរបស់វិចិត្រករ Pablo Picasso លក់ក្នុងតម្លៃ ១៧៩.៤លានដុល្លារ បូករួមទាំងតម្លៃពន្ធ និងតម្លៃគំនូ ។
កាលពីខែមីនាកន្លងទៅ លោក George Frei គឺជាប្រធានគណៈក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន Thomas and Doris Amman Foundation បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គំនូរបស់នាង Monroe បង្ហាញពីកម្លាំងមើលឃើញមិនថយចុះក្នុងសហសវត្សរ៍ថ្មី ។
លោក Frei បាននិយាយថា នាង Marilyn ទៅបាត់ហើយ ស្ថានភាពដ៏អាក្រក់នៃជីវិតរបស់នាង និងការស្លាប់របស់នាង ត្រូវបានបំភ្លេច ។ អ្វីទាំងអស់ដែលនៅសេសសល់ គឺស្នាមញញឹមមិនអាចកាត់ថ្លៃបានរបស់នាង ដូចនឹងស្នាមញញឹមដ៏អាថ៌កំបាំងរបស់ស្រ្តីល្បីល្បាញឈ្មោះម្នាក់ទៀតគឺ នាង Mona Lisa ។
កាសែត Bloomberg បានរាយការណ៍ថា អ្នកដែលឈ្នះការដេញថ្លៃនេះ គឺឈ្មួញគំនូរសហរដ្ឋអាមេរិក លោក Larry Gagosian ដែលជាម្ចាស់សាលវិចិត្រសិល្បៈជាច្រើនកន្លែងនៅអាមេរិក ៕