ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហានអ៊ីស្រាអែល បាញ់សម្លាប់ស្ត្រីអ្នកកាសែតប្រចាំទូរទស្សន៍ Al Jazeera ពេលនាងកំពុងយកព័ត៌មាន

អន្តរជាតិ៖ អ្នកកាសែតជើងចាស់របស់ស្ថាប័នទូរទស្សន៍ដ៏ល្បីនៅលើពិភពលោក Al Jazeera គឺលោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ (Shireen Abu Akleh) ត្រូវទាហានអ៊ីស្រាអែល បាញ់សម្លាប់នៅតំបន់ West Bank ដែលស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល អ៊ីស្រាអែល។

លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ អាយុ៥១ឆ្នាំ ត្រូវទាហានអ៊ីស្រាអែល ពួនបាញ់ពីចម្ងាយពេលនាងកំពុងយកព័ត៌មាន នៅជំរុំជនភៀសខ្លួន។ ទោះបីជាពាក់អាវកាក់កាសែតក៏ដោយ គ្រាប់មួយគ្រាប់ បានទម្លាយផ្ទះផ្ទៃមុខរបស់នាង​ ចំណែកអ្នក​កាសែតម្នាក់ទៀត ជនជាតិ​ប៉ាឡេស្ទីន​  ​ឈ្មោះ អាលី អាល់សាមូឌី (Ali al-Samoudi) បាន​រង​របួស​ខ្នង។

ទូរទស្សន៍ Al Jazeera បានចេញសេចក្តីថ្លែងការណ៍មួយ និយាយថា លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ ត្រូវគេធ្វើឃាតដោយឈាមត្រជាក់ ហើយបានអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះទង្វើរបស់កងទ័ពអ៊ីស្រាអែល។

គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប៉ាឡេស្ទីន បានសម្តែងការភ្ញាក់ផ្អើលចំពោះការសម្លាប់លោកស្រី ហ្សីរីន អាប៊ូ អាក់ឡេះ ដោយអំពាវនាវឲ្យមានការស៊ើបអង្កេតរហ័ស និងឯករាជ្យ ដើម្បីនាំជនល្មើសមកកាត់ទោ ដើម្បីធានាសុវត្ថិភាព និងការពារអ្នកកាសែត​ ពេលយកព័ត៌មានក្នុងតំបន់មានជម្លោះប្រដាប់អាវុធ។

សាក្សីឃើញផ្ទាល់ភ្នែក និងអ្នកកាសែតជាមិត្តរួមការងារ ឈ្មោះ សាន់ថា ហាណៃហ្សា (Shatha Hanaysha) និយាយរំឭកថា អ្នកកាសែតនៅកន្លែងកើតហេតុ នាំគ្នាភ័យស្លន់ស្លោរ និងខ្នះខ្នែង ពេលឃើញនាងត្រូវគ្រាប់កាំភ្លើង។

លោកស្រី សាន់ថា ហាណៃហ្សា បាននិយាយថា «ពួកយើងឈររួមគ្នា ក្នុងនាមជាអ្នកសារព័ត៌មាន បន្ទាប់មកយើងចាប់ផ្តើមដើរ យើង​ភ្ញាក់ផ្អើល​ចំពោះ​គ្រាប់​កាំភ្លើង​ពិត​​បាញ់សំដៅ​ពួកយើង។ ពេលនោះ យើង​ទៅណាក៏មិនរួចដែរ ទៅមុខក៏បាន ថយក្រោយក៏មិនបាន។ យើងនៅពីមុខខ្មាន់កាំភ្លើង។ ប្រសិនបើខ្មាន់កាំភ្លើងពិតជាចង់បាញ់សម្លាប់ពួកយើងណាម្នាក់ ខ្មាន់កាំភ្លើងទាំងនេះ អាចបាញ់មុនពេលយើងមកដល់។ ខ្ញុំ​​ឃើញយ៉ាងច្បាស់​ថា​ ​នេះទង្វើធ្វើ​ឃាត​អ្នក​កាសែត​យ៉ាង​ពិតប្រាកដ»។

លោកស្រី សាន់ថា ហាណៃហ្សា បាននិយាយទៀតថា «អ្នកបាញ់សម្លាប់ គឺមានបំណងសម្លាប់តែម្នាក់ហ្នឹងទេ ព្រោះគេបាញ់តម្រង់ក្បាលតែម្តង»៕