ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាពិភាក្សាពី​ “ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ” ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ វេទិកាសេដ្ឋកិច្ចពិភពលោក

(ដាវ៉ូស-ក្លូស្ទ័រ, ប្រទេសស្វីស)៖ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ”ការដោះស្រាយបញ្ហារបាំងពាណិជ្ជកម្មដើម្បីការងើបឡើងវិញ” ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសធ្វើ​ឡើង​កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
លោក​រដ្ឋមន្រ្តីបានបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់នៃការលុបបំបាត់និងកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈយន្ដការនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេសតំបន់និងពិភ​ពលោកដែលជាមធ្យោបាយដ៏សំខាន់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកចំហរទីផ្សារសម្រាប់ពាណិជ្ជកម្ម និងផែនការសកម្មភាពដែលផ្ដោតលើការធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់សេដ្ឋកិច្ច និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ដែលទាំងនេះគឺជាផ្នែកនៃអាទិភាពអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ២០២២ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together)។
លោក​​រដ្ឋមន្ដ្រី បានលើកឡើងអំពីសកម្មភាពរបស់កម្ពុជា ក្នុងការសម្រួលពាណិជ្ជកម្ម ដូចជា ក្របខណ្ឌយុទ្ធសាស្ដ្រនិងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ​កូវីដ-១៩ តាមគន្លងប្រក្រតីថ្មីសម្រាប់ឆ្នាំ២០២១-២០២២, វេទិកាវេទិការដ្ឋាភិបាល និងវិស័យឯកជន, ប្រព័ន្ធ ASYCUDA, ប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងកំណែទម្រង់មួយចំនួន ដែលជួយពន្លឿនដល់ការបញ្ចេញទំនិញតាមព្រំដែនសម្រាប់ទំនិញទូទៅក៏ដូចជាទំនិញនិងសម្ភារៈពេទ្យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ បន្ថែមពីនេះទៀតលោក​បានបន្ដថា កម្ពុជានៅតែបន្ដធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទាំងនេះ និងបានលើកឡើងអំពី គម្រោង SeT4SME ជាមួយ Global Alliance ដើម្បីកិច្ចសម្រួលពាណិជ្ជកម្មដើម្បីបង្កើត Electronic Advance Data ដ៏ពេញលេញមួយ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា។
លោក​រដ្ឋមន្រ្តី​បានស្នើឱ្យមានការចាប់អារម្មណ៍លើបញ្ហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចពាក់ព័ន្ធនឹងអនុលោមភាពនៃឯកសារតម្រូវសម្រាប់ការនាំចេញដូចជា”proof of non-manipulation”ឬវិញ្ញាបនបត្របញ្ជាប់ប្រភពដើមដែលឯកសារតម្រូវទាំងនេះ ធ្វើឱ្យការចំណាយកើនឡើងសម្រាប់អ្នកនាំចេញទំនិញ ដូច្នេះឯកសារតម្រូវទាំងនេះគួរត្រូវបាន​លុបចោល និងជំនួសវិញដោយ ការបញ្ជាក់ប្រភពដើមដោយខ្លួនឯង (self-certification)៕