កំពត៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ួង មករា ហៅ អ៊ួង វុឹង នាយកគ្រប់គ្រងគេហទំព័រ ខេមបូឌាប៉ុស្តិ៍ និងជាអនុប្រធានសមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច អឹមអេសជេ (AEMSJ) តំណាងឯកឧត្តមបណ្ឌិត ម៉េង សោភ័ណ ប្រធានសមាគមន៍ បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជូនដល់ដៃសហការី ដែលកំពុងមានជំងឺជាទម្ងន់។
លោក ស៊ុង វាសនា អាយុ៤៦ឆ្នាំ ភ្នាក់ងារគេហទំព័រ ខេមបូឌាប៉ុស្តិ៍ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាល នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
សូមបញ្ជាក់ថា លោក ស៊ុង វាសនា មានស្រុកកំណើត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេតស្ទឹងត្រែង ប៉ុន្តែបានមករស់នៅក្នុងទឹកដីខេត្តកំពត តាំងពីឆ្នាំ២០១៨ រហូតមក។
ដោយសារឃើញស្ថានភាពលំបាកជាក់ស្តែង ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមន៍ ក៏បានអំពាវនាវ ដល់សហការី និងសមាជិក សមាជិកា របស់សមាគមន៍អ្នកសារព័ត៌មានអេឡិចត្រូនិច ដើម្បីកៀងគររកជំនួយឧបត្ថម្ភ ដល់សមាជិកកំពុងធ្លាក់ខ្លួនឈឺ។
ជាទឹកចិត្តរបស់ប្រធានសមាគមន៍ លោកតែងតែយកចិត្តទុកដាក់ដល់ក្រុមការងារ ក៏ដូចជាសមាជិក សមាជិការបស់ សមាគមន៍ ដើម្បីរកដំណោះស្រាយជូនអ្នកជួបការលំបាក គ្រប់ពេលវេលា។
ម្យ៉ាងវិញទៀត សកម្មភាពសប្បុរសនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីសាមគ្គីភាព ភាតរភាព និងជួយយកអាសាគ្នា ក្នុងចំណោមសមាជិកសមាគម ដើម្បីជួយសម្រាលទុក្ខលំបាលដល់គ្នីគ្នា៕