ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប្រចាំខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យសហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពី​​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកំលាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ)មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។
បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីរកមូលហេតុដែលបណ្តាលឱ្យមានការពុលនេះ។
យោងលទ្ធផលវិភាគបឋមដោយរថយន្តមន្ទីរពិសោធនន៍ចល័តទៅលើគំរូអាហារដែលព្រះសង្ឃ និងពុទ្ធបរិស័ទឆាន់និងបរិភោគបានបង្ហាញឱ្យឃើញថា៖គំរូទឹកត្រីជ្រលក់ (ទឹកត្រីបាញ់ហយ) ត្រូវបានរកឃើញវិជ្ជមានសារធាតុ Salicylic Acid។
តាមលទ្ធផលខាងលើមន្ត្រីស៊ើបអង្កេតនឹងបន្តនីតិវិធីវិភាគ និងស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានសារធាតុ Salicylic Acid នៅក្នុងទឹកត្រីជ្រលក់នេះបន្ថែមទៀត៕