ខេត្ត-ក្រុង: ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យរបស់អគ្គនាយកដ្ឋាន ក.ប.ប .ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប.ប្រចាំក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ព្រះវិហារ រតនគិរី ស្វាយរៀង បន្ទាយមានជ័យ និងខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបន្តភារកិច្ចត្រួតពិនិត្យតាមបណ្តាផ្សារក្នុងស្រុកសំខាន់ៗ ស្តង់លក់ត្រីក្នុងក្រុងប៉ោយប៉ែត ម៉ាត ផ្សារទំនើប ឃ្លាំងស្តុកទំនិញនានា ដោយយកចិត្តទុកដាក់លើទំនិញហូបចុក ទំនិញវេចខ្ចប់ស្រេច គ្រឿងភេសជ្ជៈជាដើម។
ក្នុងបេសកកម្មនេះមន្ត្រីយើងបានត្រួតពិនិត្យដោយដកយកគំរូត្រីចំនួន ៤ប្រភេទ និងគំរូទំនិញហូបចុកចំនួន ៩គំរូផ្សេងទៀត យកមកវិភាគស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ។
ជាលទ្ធផល ក្នុងចំណោមសំណាកគំរូដែលបានវិភាគខាងលើ មន្ត្រីជំនាញមន្ទីរពិសោធន៍បានរកឃើញ សំណាកគំរូ ត្រីរ៉ស់វះរួច មានវត្តមានសំណល់ថ្នាំបសុពេទ្យ “Sulfonamides” និងបានអនុវត្តនីតិវិធីបន្ត ទន្ទឹមនឹងនោះបានរកឃើញ និងដកហូតទំនិញចម្រុះ មានភេសជ្ជៈ ប្រហិត នំខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ និងបន្លំប្រភពសរុបចំនួន ២៦១.០៦គីឡូក្រាម យកមករក្សាទុកដើម្បីរៀបចំចំណាត់ការតាមពេលវេលាសមស្រប។