ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ នេះអនុញាតិឱ្យសាលើមសៃគុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះលោកសាលើមសៃ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និង នាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្ដេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនដល់សម្ដេច តេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។
លទ្ធផលនៃការបោះឆ្នោត គឺឆ្លុះបញ្ចាំងនូវជំនឿចិត្តរបស់ប្រជាជនលើការដឹកនាំនៅនយោបាយដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។
លោកសាលើមសៃ ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលដឹកនាំអាស៊ាន ទទួលបានជោគជ័យ ហើយ ឯកឧត្តម សាលើមសៃបានបន្តថា ប្រទេសឡាវ ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសមីយ៉ាន់ម៉ា។
លោកសាលើមសៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តជួយដល់ប្រទេសឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងទាំងវិស័យដទៃទៀត។
លោកក៏បានគោរពសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ធ្វើយ៉ាងណាឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងមុនពេលប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម សាលើមសៃ ដែលបាននាំជូនសម្ដេចតេជោនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរដល់ លោក សាលើម សៃ ចំពោះការសម្ដែងនូវការអបអរសាទរពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការគាំទ្រកម្ពុជា ក្នុងការដឹកនាំអាស៊ាន ជាពិសេសក្នុងការស្វែងរកដំណោះស្រាយឱ្យប្រទេសមីយ៉ាន់ម៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះកិច្ចស ហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ យើងគប្បីណារួមគ្នា វាយតម្លៃ និងដាក់ចេញនូវនយោបាយដែលជួយគ្នាទៅវិញទៅមក និងបំពេ ញឱ្យគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕