បាត់ដំបង៖ នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២ ក្រោយពីទទូលបានដំណឹងពីប្រជាពលរដ្ឋភ្លាម ក្រុមអ្នកសារព័ត៌មានបានទៅដល់ទីតាំង ដែលប្រជាពលរដ្ឋផ្សេងទៀតកំពុងសាងសង់ទ្ទម បន្ទាប់មកក្រុមការងារតំណាងឲ្យក្រុមហ៊ុនជាម្ចាស់ដី បានជូនដំណឹង និងនាំប្រសាសន៍ណែនាំពីសំណាក់ថ្នាក់ដឹកនាំស្រុក ដែលហាមប្រាមមិនឲ្យមានការទន្ទ្រានចូលលើដីកម្មសិទ្ធិស្របច្បាប់របស់ឯកជន។
សកម្មភាពសាងសង់ខ្ទមលើដីជាកម្មសិទ្ធិស្របច្បាប់នេះ បានកើនឡើងយ៉ាងគំហុក នៅលើទីតាំងដីកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេស ដែលបានទិញសម្រាប់វិនិយោគផ្នែកវិស័យកសិឧស្សាហកម្ម ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាមសេចក្តីប្រកាសកៀងគរពីរាជរដ្ឋាភិបាល ក្នុងបំណងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានណែនាំថា «សូមឲ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកការដាក់គ្រឿងចក្រឈូសឆាយដី និងអាស្រ័យផលលើដីកំពុងមានវិវាទជាមួយក្រុមហ៊ុន បើពុំនោះទេ អាជ្ញាធរស្រុកនឹងចាត់វិធានការតាមផ្លូវច្បាប់»។
ប៉ុន្តែក្រោយពីមានការណែនាំផង និងព្រមានចាត់វិធានការផ្លូវច្បាប់ផង ពីលោកអភិបាលរងស្រុក គាស់ក្រឡ ក្រុមប្រជាពលរដ្ឋដែលទន្ទ្រានចូលកាន់កាប់ដីរបស់ក្រុមហ៊ុនបរទេស តាមរយៈរូបភាពលក់-ទិញពីជនទុច្ចរិត នៅក្នុងឃុំដូនបា ដែលបំពានដែនដីរដ្ឋបាលមកលើឃុំឆ្នាល់មាន់ ហាក់ដូចជាមានសកម្មភាពកក្រើកខ្លាំង។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍វិវត្តន៍នៅទីនេះ រួមទាំងប្រជាពលរដ្ឋ បានដាក់ការសង្ស័យលើមន្ត្រីយោធាម្នាក់ថា ជាដៃជើងប៉នភឿន គប់គិតជាមួយអាជ្ញាធរភូមិគោករកា និងអាជ្ញាធរឃុំដូនបា ជាអ្នកនៅពីក្រោយខ្នងនៃអំពើញុះញង់ឲ្យទន្ទ្រានយកដីរបស់អ្នកដទៃ ដែលក្រុមខ្លួនធ្លាប់ប្រកាសលក់ដោយខុសច្បាប់នាពេលកន្លងមក។
ពាក់ព័ន្ថអំពើរំលោភច្បាប់នេះ ក្រុមតំណាងក្រុមហ៊ុនបានជូនដំណឹងដល់ប្រជាពលរដ្ឋរួចហើយ ដោយពួកគាត់បានសំណូមពរមកកាន់ក្រុមហ៊ុនថា សូមឲ្យក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន មេត្តាឆាប់ដោះស្រាយជូនពួកគាត់ផង ដើម្បីពួកគាត់អាចមានភាពច្បាស់លាស់លើរឿងដីនេះ។
ស្ត្រីម្នាក់ ដែលបានដីដោយខុសលទ្ធកម្មនេះ បាននិយាយបែបស្តាយក្រោយថា «បើខ្ញុំដឹងថា ដីនេះមានទំនាស់ គឺពួកខ្ញុំមិនទិញទេ ព្រោះខ្ញុំទុកចិត្តអាជ្ញាធរភូមិ ឃុំ ហើយមុនពេលទិញក៏គ្មានអាជ្ញាធរណាប្រាប់ថា ដីនេះមានទំនាស់ដែរ ព្រមទាំងមិនគួរណាអ្នកទិញក្លាយជាជនរងគ្រោះ ព្រោះអាជ្ញាធរលាក់ព័ត៌មាននេះទៅវិញ»។
សូមរំឭកថា ដោយមានការព្រួយបារម្ភពីការទន្ទ្រានយកដីជាកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃនេះ ក្រុមហ៊ុនអេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល បានដាក់បណ្តឹងចូលសាលាដំបូងខេត្តដំបង ដើម្បីស្នើសុំឲ្យស្ថាប័នយុត្តិធម៌មួយនេះ ចេញដីកាចាត់ចែងរក្សាការពារ ព្រោះបណ្តាញក្រុមជនទុច្ចរិតកំពុងធ្វើព្យុះធ្វើភ្លៀងនៅលើដីនេះ ដោយគ្មានខ្លាចញញើតអ្វីឡើយ។
បើតាមសម្តីរបស់ប្រជាពលរដ្ឋភាគច្រើន គឺបញ្ជាក់ឲ្យឃើញច្បាស់ថា ពួកគាត់បានទិញដីក្នុងតំបន់នេះ ក្រោយដីកាចាត់ចែងរក្សាការពារលេខ០៦(ក) ហាមឃាត់ មិនឲ្យឲ្យលក់ដូរ ធ្វើអំណោយ ផ្ទេរបញ្ចាំ នៅលើដីនេះ តាមបណ្តឹងរបស់ក្រុមហ៊ុន អេហ្រ្វីខាល់ឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) ដែលបានចេញដោយលោកចៅក្រម នៅ យ៉ារ័ត្ន ប្រធានតុលាការខេត្តបាត់ដំបង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ហើយដីកានេះ ក៏ត្រូវបានបញ្ជូនឲ្យអាជ្ញាធរស្រុកគាស់ក្រឡ រួមមានប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងអាជ្ញាធរឃុំដូនបា និងឃុំឆ្នាល់មាន់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីអនុវត្តតាម។
ដីកាបញ្ចូនរបស់លោកចៅក្រម នៅ យ៉ារ័ត្ន លេខ៥១៧២ ត.រ.វ បានដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកគាស់ក្រឡ ភ្លាមៗ គឺនៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៣។ សាលាស្រុកគាស់ក្រឡ បានទទួលដោយមានវាយត្រាចូលលេខ០៤០។ ដីកាបញ្ចូនលេខ៥១៧៣ ត.រ.វ បានដល់លោកមេឃុំឆ្នាល់មាន់ ដោយមានស្មៀនឃុំឈ្មោះ សិត រ៉ា ចុះហត្ថលេខាទទួល។ ដីកាបញ្ចូនលេខ៥១៧៤ ត.រ.វ បានដល់លោកមេឃុំដូនបា ដោយមានស្មៀនឃុំឈ្មោះ ចៅ ជាតិ ចុះហត្ថលេខាទទួល។ ចណែកដីកាបញ្ចូនលេខ៥១៧៥ ត.រ.វ បានដល់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល គឺនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានលោក ស៊ុយ ស៊ានហូរ ចុះហត្ថលេខាទទួល។
ទោះមានដីកាហាមឃាត់ពីតុលាការយ៉ាងណាក៏ដោយ ក៏មេឃុំដូនបា ហាក់មិនអើពើ ឬមិនអនុវត្តតាមខ្លឹមសាររបស់ដីកានេះដែរ។ ផ្ទុយទៅវិញ មេភូមិគោករកា ឈ្មោះ ម៉ម សង និងជំទប់ឃុំទី១ ឃុំដូនបា ឈ្មោះ គុយ សារិទ្ធ ព្រមទាំងមេឃុំដូនបា ឈ្មោះ ចិន សំអន បាននិងកំពុងបន្តបំពាន ដោយយល់ព្រមចុះហត្ថលេខា និងប្រថាប់ត្រា លើលិខិតលក់-ទិញ ពីជនខិលខូច បើទោះបីដឹងថា ជាទង្វើខុសច្បាប់ក៏ដោយ។
សូមរំឭកថា នាពេលកន្លងមក លោក យិន ម៉េងលី អ្នកអង្កេតសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានរកឃើញថា ឈ្មោះ ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ធ្លាប់បានបង្កបញ្ហាប្របូកច្របល់ក្នុងរឿងវិវាទដីធ្លី ក្នុងឃុំរបស់ខ្លួន ដោយមិនចេះចប់មិនហើយ។
ចំណែកយោងតាមសេចក្តីរាយការណ៍នានា បានឲ្យដឹងថា ក្នុងទង្វើបង្កបញ្ហាក្នុងមូលដ្ឋាននេះ កាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ មេឃុំដូនបា ឈ្មោះ ចិន សំអន បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានធ្វើលិខិតសុំអភ័យទោសពីលោកអភិបាលខេត្តបាត់ដំបងម្តងរួចមកហើយ ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ មេឃុំរូបនេះនៅតែប្រព្រឹត្តយ៉ាងព្រហើនដដែល៕