ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនវិនិយោគចំនួន ១២៣គម្រោង ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ ដែលមានទុនវិនិយោគសរុបជិត ៣.៣លានដុល្លារ។
គម្រោងវិនិយោគចំនួន ១២៣ មានតម្លៃវិនិយោគសរុប ជិត ៣,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ត្រូវបានទទួលការអនុម័តពីរាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការហូរចូលនៃវិនិយោគពីបរទេស ស្របពេលដែលកម្ពុជាដាក់ចេញនូវច្បាប់វិនិយោគថ្មី។
របាយការណ៍ បានបញ្ជាក់ថា គម្រោងដែលត្រូវបានអនុម័ត ក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា រួមមានរោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ រោងចក្រសំបកកង់ សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត រោងចក្រអេឡិចត្រូនិច និងរោងចក្រកែច្នៃផ្លែឈើ និងការវេចខ្ចប់ ក្នុងចំណោមគម្រោងផ្សេងៗទៀត។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា លើជំងឺរាតត្បាតកូវីដ១៩ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺ កត្តាសំខាន់ៗដែលទាក់ទាញអ្នកវិនិយោគ។
ឧកញ៉ា លឹម ហេង លើកឡើងថា កត្តាសុខសន្តិភាព ការបើកដំណើរការប្រទេសពេញលេញ និងសកម្មភាពសង្គមសេដ្ឋកិច្ច បូករួមនឹងទីផ្សារធំទូលាយនៅក្រោមកិច្ចព្រមព្រៀង និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅអឺរ៉ុប និងអាមេរិក បានធ្វើឱ្យកម្ពុជា មានសក្តានុពលសម្រាប់ការវិនិយោគទាំងវិនិយោគិនក្នុងស្រុក និងពីបរទេស។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាននៅខែមករា ឆ្នាំ ២០២២៕