ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២នេះ បាន ធ្វើការជំនុំជម្រះលើបណ្ដឹងសា រទុក្ខរបស់ បុរសជាប់ចោទ ជនជាតិចិនម្នាក់ ដែលត្រូវបាន តុលាការជាន់ទាប កាត់ទោសគាត់ ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួល អោយស្រ្តីខ្មែរ ម្នាក់ពពោះ ។
នៅពេល ស្ត្រីខ្មែរនោះ បានសម្រាលទារក (កូនប្រុស)ម្នាក់ ជនជាប់ចោទ បានព្យាយាម រត់ការ និង ធ្វើឯកសារ ដើម្បីនាំ ទារកនោះ ចេញទៅកាន់ប្រទេសចិន ដើម្បីលក់ដូរ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រព្រឹត្ត កាលពីអំឡុងឆ្នាំ ២០១៧ ។
លោក និល នុណ ជាប្រធានចៅក្រមប្រឹក្សាជំនុំ ជម្រះ នៃ តុលាការកំពូល បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Xu Wenjun ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន មុខរបរ មុនចាប់ខ្លួន ជាពាណិជ្ជករ រស់នៅក្នុងរាជធានីភ្នំពេញ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ Xu Wenjun ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៥ ឆ្នាំ ពីបទ: លក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។
ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់់គាត់ដដែល។ គាត់ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីខែ កក្កដា ឆ្នាំ២០១៩ នៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ត្រូវបានឃុំខ្លួន កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ ។
គួរបញ្ជាក់ថា: នាពេលសវនាការ, ជនជាប់ចោទ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់គាត់។ តែគាត់បានទទួលស្គាល់ថា: ខ្លួនពិតជាបាន ជួលស្ត្រីម្នាក់នោះ អោយពពោះមែន ដោយសារតែ ប្រពន្ធរបស់គាត់ មិនអាចមានកូនបាន ហើយគាត់ត្រូវកូនប្រុសម្នាក់ ដើម្បីបន្តពូជពង្សរបស់ខ្លួន។
តុលាការកំពូលនឹង ប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ នេះ៕
ដោយ: ទេព ច័ន្ទ