ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រលប់ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា ជា អនុប្រធានគណបក្សភ្លើងទៀន និង បានបញ្ជូនគាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បី រងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាច្រើនម៉ឺនដុល្លារ អាមេរិក ប្រព្រឹត្ត កាលពីឆ្នាំ ២០១៩។
យោងតាមដីកាតុលាការ បានអោយដឹងថា ជនជាប់ចោទ ឈ្មោះ ថាច់ សេដ្ឋា ត្រូវបានជាប់ចោទពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (ឬចេញ សែកស្អុយ) និង ប្រឈមមុខនឹងការ ជាប់ពន្ធនាគារ ចន្លោះពី ១ រហូតដល់៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិុរទ្ធភាព។
គាត់ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ អ្នកស្រី ទិត ដាលីន កាលពីល្ងាចថ្ងៃទី ១៦ ខែ មករា។
បច្ចុប្បន្ននេះ លោកថាច់ សេដ្ឋា ត្រូវបានបញ្ជូនទៅឃុំ បណ្ដោះអាសន្ន នៅមណ្ឌលកែប្រែ(ម១) ឬ គុកព្រៃស នៅក្នុងរាជធានីភ្នំពេញ៕
ដោយ: ទេព ច័ន្ទ