ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការផ្តន្ទាទោសបុរសគួកជេដី ២នាក់ ជាប់គុកម្នាក់ៗ ពី ១ ទៅ ២ ឆ្នាំពាក់ព័ន្ធនឹងការលក់ដីខ្យល់ជាង៣ហិកតាអោយចិនតៃវ៉ាន់

ភ្នំពេញ: លោកស្រីសាយ ស្រីល័ក្ខណ៍ជាចៅក្រមជំនុំ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទ ចំនួន ២នាក់ ដែលជាអ្នកឈ្មួញរកស៊ីលក់ដូរព្រះធរណី (អ្នកគួកជេដីធ្លី) ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេលពី ១ ទៅ២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការឆបោកចំនួនជិត៧០ម៉ឺនដុល្លារអាមេរិល ពីស្រី្ត អ្នកវិនិយោគទុនតៃវ៉ាន់ម្នាក់ តាមរយៈការលក់ដីខ្យល់ ជាង៣ ហិកតា នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ ២០១៨។

លោកស្រីចៅក្រមបានថ្លែងឱ្យដឹងថា: ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ពៅ សាខន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ ជាគ្រូបង្រៀន និង ឈ្មោះ សួន សុផល ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ អាអ្នកគួកជេដី ។ អ្នកទាំង២នាក់ មានទីលំនៅ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកស្រីចៅក្រមបានថ្លែងបញ្ជាក់ថា: នៅក្នុងចំណោម ជនជាប់ចោទទាំង២នាក់នេះ ជនជាប់ចោទ ឈ្មោះ ពៅ សាខន ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ០១ ឆ្នាំ តែ អនុវត្តទោស នៅក្នុងពន្ធនាគារ រយៈពេលត្រឹមតែ ២ ខែ ប៉ុណ្ណោះ។ ទោសនៅសេសសល់ ត្រូវព្យូរទាំងអស់។ ចំណែកឯជនជាប់ចោទ ឈ្មោះ សួន សុផល ដែលជាមេខ្លោង ត្រូវជាប់ពន្ធនាគារ កំណត់ ០២ ឆ្នាំ។

តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យ ជាប់ចោទ ទាំង២នាក់ និង ជនជាប់ម្នាក់ទៀត ឈ្មោះ ជិន រី (ដែលត្រូវបាន តុលាការ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ កាត់ទោស ព្យួរ ០១ ឆ្នាំ) ត្រូវរួមគ្នា សងប្រាក់ ចំនួន ៦៦ម៉ឺនដុល្លារអាមេរិក និង ថ្លៃជម្ងឺចិត្ត ចំនួន ៤០ លានរៀល ទៅជនរងគ្រោះ ដែលត្រូវជាភាគីដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។

ជនជាប់ចោទត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ឆបោក និង ក្លែងបន្លំឯកសារ (ក្លែងបន្លំស្នាមមេៃ អ្នកលក់ដី) តាមបញ្ញត្តិមាត្រា ៣៧៧, ៣៧៨, ៦២៦ និង ៦២៧ នៃ ក្រមព្រហ្មទណ្ឌ។ និងត្រូវបានចាប់ឃុំខ្លួន កាកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមដីការបស់តុលាការរាជធានីភ្នំពេញ៕

ដោយ: ទេព ច័ន្ទ