(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនោះ លោកបណ្ឌិត អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី (តំណាងរាជរដ្ឋាភិបាលមកពីអន្តរក្រសួង តំណាងនិយោជក និងតំណាងកម្មករនិយោជិត) ព្រមទាំងក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន ដៃគូរពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវ រហូតទទួលបាននូវសមិទ្ធិផលគួរជាទីមោទនៈ។
បេឡាជាតិសន្តិសុខសង្គម ជាសេនាធិការក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា ដែលមានក្រសួងជាអាណាព្យាបាលពីរ គឺក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានរំលឹកថា បេឡាជាតិសន្តិសុខសង្គម បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារនៅឆ្នាំ២០០៨ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦ និងផ្នែកប្រាក់សោធននៅឆ្នាំ២០២២ ព្រមទាំងការអនុវត្ដផ្នែកថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្ដ្រីពេលសម្រាលកូននៅឆ្នាំ២០១៨។ ដោយឡែក សម្រាប់វិស័យសាធារណៈបានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៨ និងផ្នែកហានិភ័យការងារនៅឆ្នាំ២០២១។
សមិទ្ធផលទាំងនេះ បានឆ្លើយតបទៅនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលស្ថិតត្រង់មុំទី៤ ការពង្រឹងសមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច និងពង្រឹងតួនាទីស្រ្តីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។ ជាពិសេសជំរុញការអនុវត្ត “ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥” នូវការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន និងការរៀបចំក្របខ័ណ្ឌគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំដៅដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមថ្មី ព្រមទាំងពង្រីកវិសាលភាពលើរបបដែលមានស្រាប់ ដើម្បីបង្កើនការគាំពារដល់ប្រជាពលរដ្ឋគ្រប់រូប ការបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈ ប្រមូលផ្តុំសង្គតិភាព និងប្រសិទ្ធភាព។
លើសពីនេះ បេឡាជាតិសន្តិសុខសង្គម បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវ កញ្ចប់វិធានការចំនួន ១០ជុំ ក្នុងដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្រ សហគ្រាស មិនបង់ ភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព មក ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីកម្ម ហើយកម្មករនិយោជិតនៅតែទទួលបាននូវការធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាពដដែល និងការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរដ្ឋបាល ព្រមទាំងការផ្តល់ប័ណ្ណសមធម៌ សុខាភិបាលដល់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីអាចទៅទទួលបានការថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ។
សម្រាប់ទិសដៅបន្តរបស់ បេឡាជាតិសន្តិសុខសង្គម លោកបណ្ឌិតរដ្ឋមន្ត្រី បានជំរុញឱ្យបន្តយកចិត្តទុកដាក់និងលើកទឹកចិត្តក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដូចតទៅ៖
– ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ
– ពង្រឹង និងពង្រីកការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន
– ពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
– និងពង្រឹងការងារអភិបាលកិច្ច ដើម្បីធានាឱ្យការផ្តល់សេវាខាងលើមានគុណភាព និងទាន់ពេលវេលា។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនដែលទើបដាក់ឱ្យអនុវត្តថ្មីៗនេះ ទាំងវិស័យឯកជន និងវិស័យសាធារណៈ។
គិតត្រឹមឆ្នាំ២០២២ សម្រាប់វិស័យឯកជនផ្នែកហានិភ័យការងារ បានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧ ៨២១សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនមានចំនួន ១៤ ៣៥២សហគ្រាស មានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ ក្នុងនោះផ្នែកប្រាក់សោធនដោយស្ម័គ្រចិត្តមានសមាជិកចំនួន ២ ៧០៦នាក់។
ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់ និងផ្នែកហានិភ័យការងារចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់។
ដោយឡែកក្នុងឆ្នាំ២០២២ បេឡាជាតិសន្តិសុខសង្គម បានចំណាយតាវកាលិកសម្រាប់វិស័យឯកជន និងវិស័យសាធារណៈ ជូនសមាជិករបស់ខ្លួនក្នុងផ្នែកហានិភ័យការងារសរុបចំនួន ២២.៦២ប៊ីលានរៀល និងផ្នែកថែទាំសុខភាពសរុបចំនួន ៣២៣.២៨ប៊ីលានរៀល។
លោកបណ្ឌិតរដ្ឋមន្ត្រី បញ្ជាក់ថា បើគ្មានការខិតខំប្រឹងប្រែង ហើយធ្វើបានយ៉ាងល្អទេនោះ ប.ស.ស. ក៏មិនទទួលបានការកោតសរសើរពីសំណាក់អន្ដរជាតិ នៃប្រទេសដែលជាដៃគូរអភិវឌ្ឍន៍នោះឡើយ។ ជាក់ស្តែងសម្រាប់រយៈពេលជាង ១៥ឆ្នាំកន្លងមកនេះ ប.ស.ស. បានអនុវត្តការងាររបស់ខ្លួនប្រកបដោយភាពជោគជ័យ ជាពិសសបានទទួលនូវពានរង្វាន់ឆ្នើមពីសមាគមសន្ដិសុខសង្គមអាស៊ានសរុបចំនួន ០៧លើក ក្នុងនោះក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះមួយលើករួចមកហើយដែរក្នុងឆ្នាំ ២០២១ កន្លងមកនេះ៕