ត្បូងឃ្មុំ៖ លោក វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តកំពង់រាំង ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ មានមតិសំណេះសំណាល ទៅកាន់ព្រះសង្ឃ និងពុទ្ធបរិស័ទ លោកបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពី ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីអតីតកាល ដែលប្រទេសជាតិយើងបានឆ្លងកាត់ពីដំណាក់កាលដ៏សែនលំបាកក្នុងភ្លើងសង្រ្គាម ហើយបានចាប់ដំណើរការពីបាតដៃទទេ និងបោះជំហ៊ានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពសង្គម ដែលជាពិសេសស្រុកតំបែរនេះបានទទួលនូវការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។
ក្រៅពីនេះរាជរដ្ឋាភិបាលកំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលជួយសម្រួល និងពន្លឿនដល់ការអភិវឌ្ឍន៍ ជាពិសេសប្រជាជនគ្រប់ទីកន្លែងងាយស្រួលទំនាក់ទំនង និងទទួលព័ត៌មានឆាប់រហ័ស។
ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ជាង ១៩លានរៀល ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តកំពង់រាំងសម្រាប់បន្តការកសាងវត្ត។