ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ ផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត»

(ភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិកនិងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. រួមជាមួយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន GIZ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ បានចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត» ដែលសហការរៀបចំដោយ អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ ដោយមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ៣០០ នាក់។


ក្នុងឱកាសនោះ លោក​​ប្រតិភូ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងដើរតួជាវេទិកាមួយក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ ព្រមទាំងមន្រ្តីអនុវត្តច្បាប់ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីច្បាប់ស្តីពីការប្រកួតប្រជែង ជាពិសេសប្រកាសអន្តរក្រសួងចំនួន១ ប្រកាសចំនួន៣ និងសេចក្តីសម្រេចចំនួន១ ដែលរួមមាន៖
(១.) ច្បាប់ស្តីពីការប្រកួតប្រជែង
(២.) ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង
(៣.) ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង
(៤.) ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្ដោះអាសន្ន និង/ឬសេចក្ដីសម្រេចរបស់ គ.ប.ក.
(៥.) ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការផាកពិន័យជា ប្រាក់លើអំពើល្មើសនឹងច្បាប់ស្ដីពីការប្រកួតប្រជែង និង
(៦.) សេចក្ដីសម្រេចស្តីពីបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ ចំពោះបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្កិសិទ្ធភាព។
លោក​​ប្រតិភូ បញ្ជាក់ថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី២ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត។


លោក​​ប្រតិភូ បានរំលឹកថាក្នុងឆ្នាំ២០២២ កន្លងមក អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយទីភ្នាក់ងារ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង» បានចំនួន ០៨ លើករួចមកហើយ និងចុះផ្សព្វផ្សាយនៅទូទាំងរាជធានី ខេត្ត ដល់មន្រ្តីអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ទៅតាមចង្កោមរាជធានី ខេត្តបានចំនួន ៤លើក លើប្រធានបទ «ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង»៕