ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រុស្ស៊ីចោទអ៊ុយក្រែនថា វាយ ប្រហារ ឆ្លង ដែន ចូលទឹកដីរុស្ស៊ី, អ៊ុយក្រែនថា ជាការបះបោររបស់ជនជាតិរុស្ស៊ី ដើម្បីប្រឆាំងលោក ពូទីន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយា​យថា រុស្ស៊ីរងការវាយប្រហារបែបប្រហារភេរវកម្ម នៅក្នុងតំបន់មួយ ស្ថិតភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន ហើយបានប្តេជ្ញាសងសឹកកម្ទេច​ចោលនូវអ្វី ដែលលោកហៅថា ជាក្រុមធ្វើវិទ្ធង្សនាពីអ៊ុយក្រែន ដែលបានបាញ់ផ្លោងទៅ​លើជនស៊ីវិលរុស្ស៊ី។

រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ក្រុមទាហានអ៊ុយក្រែន បានឆ្លងព្រំដែនចូលទឹកដីរុស្ស៊ី ហើយបានបើកបាញ់ប្រហារទៅលើរថយន្ត ដោយសម្លាប់មនុស្សម្នាក់ និងរបួសកុមារម្នាក់ ព្រមចាប់មនុស្សនៅក្នុងហាងមួយធ្វើជាចំណាប់ខ្មាំង។

ចំណែកភ្នាក់ងារសម្ងាត់របស់រុស្ស៊ី បាននិយាយថា ក្រុមទាហានជាតិនិយមជ្រុលអ៊ុយក្រែន ត្រូវទាហានរុស្ស៊ី ដេញបាញ់ឲ្យត្រឡប់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញអស់ហើយ។

ភ្នាក់ងារសម្ងាត់ដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយធ្វើឡើងថា ដើម្បីចៀសសវាងការស្លាប់ និងរបួសរបស់ជនស៊ីវិល និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្និងមូលដ្ឋាន ខ្មាំង ត្រូវដេញបាញ់ឲ្យរត់ចូលទៅក្នុងទឹកដីអ៊ុយក្រែនវិញហើយ។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមទៀតថា កងទ័ពរុស្ស៊ី បានប្រើកាំភ្លើងធំផ្លោងដាក់គោលដៅប្រមូលផ្តុំរបស់ពួកគេ រហូតក្រុមនេះរត់ឆ្លងដែនចូលទៅក្នុងទឹកដីអ៊ុយក្រែន ដោយបន្សល់ទុលគ្រាប់មីន និងគ្រាប់រំសេវជាច្រើន។

ប្រតិកម្មនឹងការចោទប្រកាន់ពីលោក វ៉្លាឌីមៀ ពូទីន
អ៊ុយក្រែន បាន ចោទ រុស្ស៊ី វិញ ពី បទ បង្កហេតុ ដោយប្រឌិតរឿងមិន ពិត ប៉ុន្តែ ក៏អាចជាប្រតិបត្តិការ មួយ ប្រព្រឹត្តឡើងដោយក្រុមចលនាបះបោរប្រឆាំង រដ្ឋាភិបាល រុស្ស៊ី នៅក្នុងទឹកដីរុស្ស៊ី ឯនោះវិញទេ។

ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គៅ (Volodymyr Zelensky) បាននិយាយថា «រឿងចោទអំពីក្រុមធ្វើវិទ្ធង្សនាអ៊ុយក្រែន នៅក្នុងលើទឹកដីសហពន្ធរុស្ស៊ី គឺជាចេតនាបង្កហេតុបែបហួសសម័យ»។

លោក បាន និយាយ ថា រុស្ស៊ី គួរ តែខ្លាច បក្សពួក របស់ ខ្លួនឯង។ មួយថ្ងៃមុននេះ បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារដោយដ្រូនលើទឹកដីប្រទេសរុស្ស៊ី ក៏រដ្ឋាភិបាលទីក្រុងមូស្គូ និយាយចោទប្រកាន់លើអ៊ុយក្រែនដែរ ដូច្នេះវាមិនមានអ្វីចម្លែកទេ។

ចំពេលមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោង និងការបំផ្លិចបំផ្លាញជាបណ្តើរៗ បានកើតឡើងនៅក្នុងតំបន់ជាប់ព្រំដែនរបស់រុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូ បានលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា «អ៊ុយក្រែននឹងមិនសម្រេចបានអ្វីទាំងអស់។ យើង នឹង កម្ទេច ពួក គេចោលឲ្យអស់»។

លោក បាន និយាយបន្ត ទៀតថាថា ក្រុម នេះ ត្រូវ បាន បង្កើត ឡើង ពី ប្រភេទ មនុស្ស ដែល ចង់ ប្លន់ ប្រទេស រុស្ស៊ី តាមរយៈការបំផ្លាញប្រវត្តិសាស្ត្រ និង ភាសា ររបស់រុស្ស៊ី។

នៅក្នុងឃ្លីបវីដេអូចំនួនពីរ ដែលផ្សព្វផ្សាយតាមបណ្តាញអ៊ីនធឺណិត បុរសប្រដាប់អាវុធម្នាក់ ដែលហៅខ្លួនឯងថា អង្គភាពអ្នកស្ម័គ្រចិត្តរុស្ស៊ី បាននិយាយថា ពួកគេបានឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងរបប ពូទីន និងប្រឆាំងវិមានក្រឹមឡាំងដែលកំពុងធ្វើសង្គ្រាមបង្ហូរឈាមលើទឹកដីអ៊ុយក្រែន។

ដោយពណ៌នាថា ខ្លួនជាសមាជិកក្រុមរំដោះរបស់រុស្ស៊ី បុរសទាំងនោះបានអំពាវនាវឲ្យជនជាតិរុស្សី នាំគ្នាកាន់អាវុធ ហើយក្រោកឡើង ដើម្បីរួមគ្នាប្រឆាំងអាជ្ញាធររុស្ស៊ី និងរបប ពូទីន៕