ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាព​សាងសង់វារីអគ្គិសនី​ស្ទឹងពោធិ៍សាត់១

ពោធី៍សាត់៖ បន្ទាប់ពីបានសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីសឹងពោធិ៍សាត់១រួចហើយនោះសម្ដេច​តេជោ ហ៊ុន សែន ក៏នៅព្រឹកថ្ងៃអង្គារទី១៤ ខែមីនាឆ្នាំ២០២៣នេះបានអញ្ជើញ​ធ្វើដំណើរមកកាន់កន្លែងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ និងជួបកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅការដ្ឋាននេះផងដែរ។
សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេស​ចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។
គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់​ព្រមទាំង​ដាក់​ឱ្យដំណើរការ​នៅឆ្នាំ២០២៦ខាងមុខ៕