សម្តេចតេជោ ហ៊ុន សែន សួមចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប ហើយសម្តេចតេជោក៏បាន បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់។
ការសម្តែងការសោកស្តាយនេះធ្វើឡើងនៅពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនៅព្រឹកថ្ងៃទី១៦ខែមីនានេះ។
សម្តេចតេជោបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា បានដុតព្រះរាជដំណាក់ ដែលនេះជាគំនិតរបស់ជនអគតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ ព្រោះព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។