ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូត

(ភ្នំពេញ)៖ លោក​​ ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម កាលពី​​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី​​ ម៉ារីនេឡា ផេតកូវ៉ា (Marinela Petkova ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា។
លោក​​រដ្ឋមន្រ្តី បានស្វាគមន៍ លោកស្រី ឯកអគ្គរដ្ឋទូត យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប៊ុលហ្គារីក្នុងការរក្សានិងលើកកម្ពស់តម្លៃនៃទំនាក់ទំនងប្រពៃណីដ៏ល្អនេះ និងផ្តល់កិច្ចសហប្រតិបត្តការយ៉ាងជិតស្និទ្ធ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ចនិងតួនាទីយ៉ាងសំខាន់ប្រកបដោយសមិទ្ធផលជាផ្លែផ្កាក្នុងអំឡុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ។
ក្នុងឱកាសនោះ លោក​​រដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងនិងការបេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី, តំបន់, អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

លោក​រដ្ឋមន្រ្តី​​បានគូសបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ​-១៩ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ជាកិច្ចឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក រួមនឹងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រី​​ បានបញ្ជាក់ពីក្តីរំពឹងយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មរបស់ ឯកអគ្គរដ្ឋទូតថ្មី នឹងមានការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីនិងតំបន់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការលើកទឹកចិត្តដល់ពាណិជ្ជករនិងវិនិយោគិនប៊ុលហ្គារីឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុង វិស័យកសិកម្ម រួមមានផលិតផលផ្លែឈើ និងជីកសិកម្ម ព្រមទាំងទេសចរណ៍នៅកម្ពុជា ដែលកត្តាទាំងនេះ អាចរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៊ុលហ្គារីថែមមួយកម្រិតទៀត។
ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៨,១ លានដុល្លារអាមេរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ៧៨% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤,៥៤ លានដុល្លារអាមេរិក។

ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន៖ សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។ ស្របគ្នាដែរ ភាគីទាំងពីរ ក៏បានបង្ហាញពីឆន្ទៈក្នុងការពន្លឿននីតិវិធីបង្កើតគណៈកម្មការចម្រុះអន្តរ រដ្ឋាភិបាលស្តីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយយោងតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងវិទ្យាសាស្ត្រ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏បានរំលេច ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប។
លោក​​រដ្ឋមន្រ្តី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីប៊ុលហ្គារី ដើម្បីផ្តល់សុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យលោកជំទាវឯកអគ្គរដ្ឋទូត ទទួលបាននូវភាពជោគជ័យគ្រប់ការបំពេញភារកិច្ចថ្មីទៀត នាពេលអនាគត៕