ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានសេចក្ដីប្រកាសព័តមាន ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ដោយមានសេចក្ដីថា រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបថា ក្រោយពីបានតាមដាន និងឃើញថា មានករណីបង្ហោះព័ត៌មានលើបណ្ដាញសង្គម Facebook នៃគេហទំព័រ The Cambodia Daily ដែលបានចុះផ្សាយជាអត្ថបទ “សារព័ត៌មានអន្តរជាតិមួយបានលាតត្រដាងថា ឧត្តមសេនីយ៍ ផ្កាយបី នៃក្រសួងមហាផ្ទៃដែលមានឈ្មោះឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ឬហៅថា ឧកញ៉ាជ័យ គឺជាបណ្តាញរកស៊ីឈើខុសច្បាប់របស់ លោក ហ៊ុន ម៉ាណែត ដែលកំពុងប្រកបអាជីវកម្មឈើខុសច្បាប់នៅខាងក្រៅព្រំដែនដីសម្បទានក្នុងខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្។
សព្វថ្ងៃនេះ ដោយគ្មានអាជ្ញាធរណាម្នាក់ហ៊ានប៉ះពាល់ឡើយ” ចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ និងសារព័ត៌មាន អន្តរជាតិ Mongabay បានផ្សាយថា “Cambodian prison official suspected in massive legalized logging operation” ចុះផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ក្នុងន័យនេះអាចធ្វើឱ្យ សាធារណជនយល់ច្រឡំមកលើថ្នាក់ដឹកនាំ ដែលការពិតនោះពុំមែនដូច្នោះឡើយ។