ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិននិងគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ ។
អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះត្រូវបានដាក់ឱ្យចូលជាធរមានដោយមានពីរភាគីបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ រួមមាន៖
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នៃក្រសួងការពារជាតិ ព្រះរាជា ណាចក្រកម្ពុជា អ្នកតំណាងស្របច្បាប់ដោយ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការាពារជាតិ។
សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន និងគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ អ្នកតំណាងស្របច្បាប់ដោយ ឯកឧត្តម ហ្វាង ជាន ។
ភាគីទាំងពីរបានឯកភាពសហការគ្នាក្នុងការអភិវឌ្ឍន៍សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ជីវិត និងសុខភាព ព្រមទាំងគម្រោងនៃមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ។ គោលបំណងគឺដើម្បីលើកកម្ពស់អាយុជីវិត និងសុខភាពរបស់ប្រជាជន ទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗ ចាត់វិធានការការសង្គ្រោះបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការអភិវឌ្ឍន៍កសាងសេដ្ឋកិច្ចប្រទេសជាតិ។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឯកទេសជាន់ខ្ពស់ ជំរុញ និងពន្លឿនទំនើបកម្មកសិកម្មកម្ពុជា ការកសាងប្រព័ន្ធឧស្សាហូបនីយកម្ម តាមរយៈការបង្កើតនិងអភិវឌ្ឍន៍កងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព ។
ផ្អែកលើការឯកភាពខាងលើ ដោយស្របតាមគោលការណ៍ និងស្មារតីនៃកិច្ចសហប្រតិបត្តិការមិត្តភាព ការគាំទ្រគ្នាទៅវិញទៅមក ការអភិវឌ្ឍន៍ផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាគីទាំងពីរបានឈានដល់ការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នានេះឡើង និងបានព្រមព្រៀងគ្នាចុះហត្ថលេខាលើខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នាដូចខាងក្រោម ។
លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណា ចក្រកម្ពុជា ព្រមទាំងជំរុញ និងធានាការកែទម្រង់ និងការអភិវឌ្ឍន៍ការកសាងការពារជាតិ។
តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការបង្កើតស្ថាប័នវេជ្ជសាស្ត្រ និងការព្យាបាល ប្រើប្រាស់សមិទ្ធិផលពិសេសបច្ចេកវិទ្យាខ្ពស់ (ជំងឺទឹកនោមផ្អែម មហារីក។ល។) ដើម្បីលើកកម្ពស់សុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
ជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិ ចិន ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់កង ទ័ព និងមូលដ្ឋានសម្រាប់ប្រទេសកម្ពុជា ។
យកគំរូនៃបទពិសោធន៍ជោគជ័យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍កងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព ជួយដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើត កងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព ដើម្បី សម្រួលនិងរៀបចំដល់អតីតយុទ្ធជននិងគ្រួសាររបស់ពួកគាត់ លើកកម្ពស់ការរស់រានមានជីវិត និងគុណភាពនៃជីវិត របស់ពួកគាត់។
ដោយមានការសម្របសម្រួលជាមួយសហគ្រាស ស្ថាប័ន និងក្រសួងដែលពាក់ព័ន្ធនៃប្រទេសចិន បានគាំទ្រ និងជួយដល់ប្រទេសកម្ពុជាក្នុងការរួមគ្នាបង្កើតមជ្ឈមណ្ឌល សង្គ្រោះបន្ទាន់អន្តរជាតិ ជាពិសេសគឺកងកម្លាំង ជួយសង្គ្រោះ អគ្គីភ័យ ទឹកជំនន់ និងគ្រោះធម្មជាតិ (គ្រប់ទីកន្លែងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស)។
ពាក់ព័ន្ធនឹងគម្រោងសុខភាព និងជីវិត។ កិច្ចសហប្រតិបត្តិការនេះមានគោល បំណងជាចម្បងទៅលើការព្យាបាល និងការស្តារឡើងវិញនូវជំងឺរ៉ាំរ៉ៃ (ជំងឺទឹកនោមផ្អែម) និងជំងឺដែលពិបាកព្យាបាល (ជំងឺមហារីក ជំងឺរាតត្បាត។ល។)។
ដោយសង្កេតឃើញថា ចំនួនអ្នកជំងឺទឹកនោមផ្អែមក្នុងប្រទេសកម្ពុជាមានការកើនឡើងរហូតដល់ប្រហែល២០ភាគរយ។ ក្រោមការសម្របសម្រួលរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី-ចិន និងគណៈកម្មាធិការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការផ្លូវសូត្រ រៀបចំអោយស្ថាប័ន និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាសុខាភិបាលរបស់ប្រទេសចិន សហការជាមួយមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យយោធា១៧៩) នៃក្រសួងការពារជាតិកម្ពុជា ដើម្បីបង្កើតគ្លីនិកជំនាញព្យាបាលជំងឺទឹកនោមផ្អែម ដោយបច្ចេកវិទ្យាខ្ពស់ និងសហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ពិជ័យសេនា ទៀ បាញ់ ដើម្បីបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រសុខភាព និងជីវិត (ក្រុមហ៊ុន)។
ជាមួយគ្នានេះ ផលិតផលបច្ចេកវិទ្យាខ្ពស់ដែលផ្តល់ដោយ ភាគី ខ នឹងត្រូវដាក់ស្លាកយីហោ និងឈ្មោះផលិតកម្មឯករាជ្យរបស់ប្រ ទេសកម្ពុជា បន្ទាប់ពីទទួលបានការអនុម័តលេខឱសថនៃប្រទេសកម្ពុជា (ស្តង់ដារអឺរ៉ុប) ហើយនឹងរួមគ្នាសាងសង់រោងចក្រផលិតឱសថ។
ប្រគល់ឱ្យភាគី ខ ជាអ្នកសម្របសម្រួល និងរៀបចំក្រុមហ៊ុនសហគ្រាស ស្ថាប័ន ក្រសួងពាក់ព័ន្ធរបស់ប្រទេសចិន ជាមួយនឹងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាបង្កើតកងអង្គភាពសំណង់ស្ថាបត្យកម្ម កសិដ្ឋានកងទ័ព។ តាមរយៈការណែនាំ និងការអនុវត្តបច្ចេកវិជ្ជាកសិកម្មទំនើប ផលិតកម្មមេកានិច និងសមាហរណកម្មកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើអោយប្រសើរឡើងនូវទិន្នផល និងគុណភាពនៃការដាំដុះកសិកម្ម កែច្នៃផលិតផលកសិកម្ម វារីវប្បកម្មនិងឧស្សាហកម្មផ្សេងៗទៀត ការផលិតដោយប្រើគ្រឿងម៉ាស៊ីន អភិវឌ្ឍន៍វិស័យថាមពល ការផលិតកប៉ាល់ (ជួសជុល) និងគម្រោងសំខាន់ៗផ្សេងទៀត។
ដោយផ្តោតលើការរៀបចំតាំងទីលំនៅថ្មីរបស់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់ពួកគាត់ ព្រមទាំងបង្កើតការងារបានយ៉ាងច្រើន។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការរៀបចំតាំងទីលំនៅថ្មីរបស់អតីតយុទ្ធជននៃព្រះរាជាណាចក្រកម្ពុជា បង្កើនថវិកាការពារជាតិ កាត់បន្ថយបន្ទុករដ្ឋកម្ពុជា បង្កើតវិធីសាស្ត្រនិងមធ្យោបាយថ្មីៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសចិន ព្រមទាំងប្រទេសដទៃទៀត។
ដើម្បីសហការជាមួយក្រសួងការពារជាតិកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់អន្តរជាតិ។ កសាងមជ្ឈមណ្ឌលទៅជាកងកម្លាំងសង្គ្រោះពហុមុខងារ។ ពោលគឺវាមានមុខងារផ្សេងៗក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយ ការពារអគ្គីភ័យ ប្រឆាំងអំពើភេរវកម្ម ការព្យាបាលវេជ្ជសាស្ត្រ សន្តិសុខ និងការថែរក្សាសណ្តាប់ធ្នាប់សង្គម។ ទន្ទឹមនឹងនោះ សម្របសម្រួល និងរៀបចំក្រុមហ៊ុនសហគ្រាស ស្ថាប័ននៃប្រទេសចិន រួមគ្នាជាមួយប្រទេសកម្ពុជា បង្កើតក្រុមហ៊ុនសហគ្រាសផលិតកម្មរវាងកងទ័ពនិងសហគ្រាសឯកជន ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ជំហានដំបូងគឺរៀបចំសិស្សនិស្សិតចំនួន ១០០ នាក់ ឱ្យចូលសាកលវិទ្យាល័យការពារជាតិនៃប្រទេសចិន ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈនៅបរទេស។ការចំណាយរបស់សិស្សនិស្សិតនឹងត្រូវបានឧបត្ថម្ភដោយភាគីចិន ( លើកលែងតែការចំណាយលើការធ្វើដំណើរទៅមក)។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអោយបានល្អ តំរូវអោយភាគី ក និងភាគី ខ រួមគ្នាបង្កើតគណៈកម្មាធិការថ្នាក់ដឹកនាំជាន់ខ្ពស់ (ក្រុមថ្នាក់ដឹកនាំ) ដើម្បីធ្វើឱ្យគម្រោងកិច្ចសហប្រតិបត្តិការនីមួយៗសម្រេចបាននូវផែនការរួមតែមួយ ការសម្របសម្រួលរួមតែមួយ ការបញ្ជារួមតែមួយ និងការរៀបចំចាត់ចែងរួមតែមួយ។
រយៈពេលសុពលភាពនៃអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានកំណត់ជាបណ្តោះអាសន្នរយៈពេលប្រាំ ៥ឆ្នាំ។ ភាគីនីមួយៗអាចបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នានេះបាន ប៉ុន្តែចាំបាច់ត្រូវជូនដំណឹងទៅភាគីម្ខាងទៀតជាលាយលក្ខណ៍អក្សរ ក្នុងរយះពេលកៅសិបថ្ងៃជាមុន ព្រមទាំងបញ្ជាក់ពីមូលហេតុនៃការបញ្ចប់ (បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះហើយ គម្រោងសហប្រតិបត្តិការផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរយៈពេលកំណត់សុពលភាពនេះទេនោះ នឹងត្រូវអនុវត្តតាមកិច្ចព្រមព្រៀង កិច្ចសន្យាដែលចុះហត្ថលេខាតាមគម្រោងនីមួយៗ) ។
ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រសិនបើមានវិវាទ ជម្លោះ ឬការមិនចុះសម្រុងគ្នាណាមួយកើតឡើង ភាគីទាំងពីរត្រូវដោះស្រាយតាមរយៈការពិគ្រោះយោបល់ដោយមិត្តភាព ដោយផ្អែកលើគោលការណ៍ និងមូលដ្ឋានគ្រឹះនៃការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងការគោរពគ្នាទៅវិញទៅមក មុនពេលស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន៕