សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងប្រទេសថៃ និងអនុញ្ញាតឱ្យរៀបចំធ្វើលិខិតឆ្លងដែននៅកូរ៉េ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យបង្កើតអគ្គកុងស៊ុលកម្ពុជានៅភាគខាងត្បូងនៃប្រទេសថៃដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទីនោះ ក្នុងការពន្យារលិខិតឆ្លងដែន និងទទួលបានភាពស្របច្បាប់។ ជាមួយគ្នានេះដែរ សម្តេចធិបតីក៏បានអនុញ្ញាតឲ្យមានការរៀបចំធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េផងដែរ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួនជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតីមានប្រសាសន៍ថា កម្ពុជាមិនទាន់មានអគ្គកុងស៊ុលនៅម្តុំស្រុកហាត់យ៉ៃនៃខេត្តសុងក្លា និងម្តុំខេត្តយ៉ាឡា នៅភាគខាងត្បូងនៃប្រទេសថៃនោះទេ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «ឥឡូវ ខ្ញុំបានជជែកជាមួយ ឯកឧត្ដមអ៊ុច បូររិទ្ធ [ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស] ល្ងាចមិញហើយ គឺសុំឲ្យបង្កើតអគ្គកុងស៊ុលយើងមួយនៅទីនោះ ហើយរៀបចំមនុស្សបន្ថែមទៀតគឺនូវទីប្រឹក្សាការងារយើងទៅអមម្នាក់ទៀតនៅទីនោះដើម្បីកុំឲ្យពលករយើងដែលធ្វើការនៅភាគខាងត្បូងពិបាកមកនៅខាងលើ ដើម្បីឲ្យគាត់ងាយស្រួល សុទ្ធតែប្រជាពលរដ្ឋកួនចៅយើងទាំងអស់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមន្ត្រីជំរុញការពង្រឹងការគ្របដណ្តប់សេវាដែលអាចផ្ដល់ជូនដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅទីនោះ ហើយត្រូវធ្វើការងារជាមួយក្រសួងការងារថៃដើម្បីចរចានៅក្នុងក្របខ័ណ្ឌផ្សេងៗដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ទាំងការពន្យារលិខិតឆ្លងដែន និងភាពស្របច្បាប់ដល់ពួកគាត់។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួន១,២លាននាក់។
សម្តេចធិបតីក៏បានសម្រេចអនុញ្ញាតឲ្យរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមនៅសាធារណរដ្ឋកូរ៉េ។ ដើម្បីដោះស្រាយពីកង្វល់ និងការគ្រប់គ្រងសន្តិសុខ សម្តេចធិបតីបានសម្រេចឲ្យបង្កើតនូវការិយាល័យអនុព័ន្ធមួយ ដោយបញ្ជូនមន្ត្រីអត្តសញ្ញាណកម្ម និងបង្កើតប៉ុស្តិ៍អចិន្ត្រៃយ៍ដើម្បីបញ្ជូនមន្ត្រីទៅប្រចាំការនៅទីនោះដើម្បីគ្រប់គ្រងទិន្នន័យ ហើយ «ភ្ជាប់ធ្វើការឲ្យតែម្តងដើម្បីកុំឲ្យពិបាក»។
សម្តេចធិបតីមានប្រសាសន៍ថា៖ «អ៊ីចឹង បងប្អូនមិនបាច់ព្រួយបារម្ភ ហើយខាតការងារជិះកប៉ាល់ហោះមក។ បើមិនបានមកធ្វើទាន់ពេល អាចប្រឈមនឹងការបាត់បង់ភាពស្របច្បាប់។ អាហ្នឹងពិបាក! យើងនឹងធ្វើអាហ្នឹងឲ្យតែម្ដង»។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងអំណរគុណ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិត ឆ្លងដែននៅក្រៅប្រទេស ដោយចាប់ផ្តើមពីសាធារណរដ្ឋកូរ៉េនេះ។
ក្នុងលិខិតថ្លែងអំណរគុណចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវមានប្រសាសន៍ថា៖ «ការប្រកាសនេះគឺជាដំណឹងដ៏សែនរីករាយឥតឧបមា សម្រាប់បងប្អូនពលករ ពលការនី និង បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅក្រៅប្រទេស មិនថាតែនៅសាធារណរដ្ឋកូរ៉េប៉ុណ្ណោះទេ។ នេះគឺជាការសម្រេចចិត្តប្រកបដោយគតិបណ្ឌិត និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅបង្ខិតសេវាសាធារណៈឱ្យដល់ដៃប្រជាពលរដ្ឋ និងដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស»។
របាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមានចំនួនប្រមាណ៥ម៉ឺននាក់។
ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម យូន ស៊ក យ៉ល (Yoon Suk Yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ីក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណសារជាថ្មីម្តងទៀតដល់ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកូរ៉េ ចំពោះពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។
ឯកឧត្តមប្រធានាធិបតី បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េ មកវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
