ភ្នំពេញៈ មានការភ្ញាក់ផ្អើល និងនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយរហូតឮដល់អង្គភាព «បាយ៉ង់ថាមស៍» នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា មានមន្ត្រីម្នាក់ចូលបម្រើការងារជាមន្ត្រីប៉ូលិសនៅក្នុង ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ បានឡើងស័ក្តិជាបន្តបន្ទាប់រហូតដល់ស័ក្តិ៤ និងបានតួនាទីជា នាយរងការិយាល័យ និងទាំងមិនទាន់បានចូលសាលាប៉ូលិសទៀតផង។ ចំណែកមន្ត្រីចាស់វស្សាដែលពួកគាត់ចូលធ្វើការងារជាយូរឆ្នាំ ក្រិនស័ក្តិ និងមានតួនាទីត្រឹមតែមន្ត្រី។ តើមន្ត្រីម្នាក់នេះ មានបុណ្យពីជាតិមុនមក ឬក៍គាត់មានខ្សែពួរសម្រាប់ទាញឡើងទើបអាចទៅបានស័ក្ដិយសយ៉ាងងាយស្រួលដូច្នេះ ?

បើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានតែងតាំងលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ ៨៥៥៩៥ ពីនាយផ្នែករដ្ឋបាល ទៅជា នាយរងផ្នែកការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល-សរុប ហើយបើគិតរយៈពេលនៃការចូលក្របខណ្ឌជា មន្ត្រីនគរបាល ចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃប្រកាស គឺមានរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះដែលមន្ត្រីរូបនេះអាចឡើងបុណ្យស័ក្ដិដូចហោះដល់កម្រិតដែលគេនឹកស្មានមិនដល់…។

យោងតាមព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាត្រង់ ជំពូកទី៤ ការតម្លើងឋានន្តរស័ក្តិ ត្រង់មាត្រា១៥ បានចែងថា ការតម្លើងឋានន្តរស័ក្តិរបស់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវអនុវត្តទៅតាមវេនជ្រើសរើស។
ប៉ុន្តែមិនអាចអនុវត្តបានប្រសិនបើមន្ត្រីនគរបាលជាតិកម្ពុជា ណាបម្រើការងារមិនគ្រប់តាមលក្ខខណ្ឌ និងរយៈពេលកំណត់។ រយៈពេលដែលត្រូវតម្លើង ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី មានរយៈពេលបម្រើការងារ៥ឆ្នាំ។ អីចឹងលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ និងនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចេះជប់ឆ្នាំ ចេះយុទ្ធសិល្ប៍ ដូចរឿងចិនហុងកុងហើយមើលទៅ។

បើយោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កន្លងមកអ្នកដែលមិនបានចូលរៀនសាលាប៉ូលិស គឺមិនអាចទទួលការតម្លើងស័ក្តិបានទេ គួបផ្សំនឹងរយៈពេល នៃការឡើងស័ក្តិនេះទៀតសោតក៍វាខុសលក្ខខណ្ឌរបស់នគរបាលជាតិ ផងដែរ។

ចំណែកមន្ត្រីចាស់ៗដែលពួកគាត់ខំប្រឹងប្រែងធ្វើការចង់ឡើងស័ក្តិ និងឡើងតួនាទីម្តងៗក៍ឡើងមិនរួចដែរដោយសារតែ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ចារត្រឡប់មកវិញថា ខ្វះនេះ ខ្វះនោះ មិនគ្រប់លក្ខខណ្ខ ជាដើម។ល។
តែចំណែកលោក ឡេង ច័ន្ទវិចិត្រ វិញហេតុអ្វីក៍អាចឡើងបុណ្យស័ក្ដិលឿនដូចហោះបានដោយស្រួលយ៉ាងនេះ ? បើតាមដំណឹងឮសូរថាគាត់មិនទាន់ទាំងបានចូល សាលាប៉ូលិស ថែមទៀតផង។
មន្ត្រីដែលបម្រើការងារនៅ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សូមស្នើដល់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាជួយពិនិត្យមើលមន្ត្រី ដែលបម្រើការងារនៅក្នុង អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលគ្រប់លក្ខខណ្ឌ
អស់ហើយតែឡើងស័ក្តិមិនរួច និងសូមមានវិធានការចំពោះអ្នកដែលឡើងស័ក្តិខុសប្រក្រតីដើម្បីផ្តល់ភាពយុត្តិធម៌ជូនមន្ត្រីផ្សេងៗទៀតដែលរងនូវការកៀបសង្កត់ពីសំណាក់ អគ្គនាយកភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នេះផង។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ធ្លាប់បានលើកឡើងថា អាណត្តិនេះ តាមការរាយការណ៍ផ្សេងៗពីគ្នា ហើយតាមការសិក្សាជារួមយុត្តិធម៌សង្គម នឹងអាចប្រើប្រាស់ច្រើននៅក្នុងអាណត្តិទី៧នេះ។ យុត្តិធម៌មិនមែនចាប់ផ្ដើមថា ទាល់តែយើងធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនោះទេ តែយើងត្រូវចាប់ផ្ដើមពីខ្លួនយើងត្រូវហ៊ាន តម្រឹមវះកាត់ អារកាត់ អ្វីដែលមិនល្អប្រសើរកន្លងមក។
ទាក់ទងនឹងករណីខាងលើនេះ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពយើងពុំអាចធ្វើការសុំបំភ្លឺពីលោក ឡេង ច័ន្ទវិចិត្រ និងលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានទេ។
រឿងនេះមានតែ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទេដែលវះកាត់សាច់ស្អុយនេះបាន។ ពីព្រោះលោកកំពុងតែកែទម្រង់ផ្ទៃក្នុងស៊ីជម្រៅយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធ្វើឲ្យមន្ត្រីថ្នាក់ក្រោមមានទឹកចិត្តធ្វើការងារបម្រើសង្គម និងធ្វើឱ្យប្រជារាស្ត្រកាន់តែមានជំនឿទុកចិត្ត៕