(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅរសៀលថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូនៅទីស្តីការក្រសួង។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលោករដ្ឋមន្ត្រីនិងសហ ព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួងបាននិងកំពុងបណ្តុះបណ្តាលដល់យុវជននិងសិស្សានុសិស្សដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់។
ក្រោយស្តាប់ការបង្ហាញពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ជម្រើសថ្មីបន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំរបស់ខ្លួនដែលមានស្រាប់។
រដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យនិងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជាប្រមុខដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលជាការយកចិត្តទុកដាក់ជាអាទិភាព។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជា ដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ២០៥០។
យ៉ាងណាក៏ដោយទាំងពីរ បានប្រកាសជួយគាំទ្រគ្នានិងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើង ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ៕














#MLVT #HENGSour