ភ្នំពេញ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
អង្គប្រជុំបានបោះឆ្នោតគាំទ្រ លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ជឺ ចំណាន ជាអនុប្រធាន រួមទាំងសមាជិកចំនួន៧រូប ផ្សេងទៀត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប មានភារៈកិច្ចធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព។
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នីតិកាលទី៧នៃរដ្ឋសភានេះ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងជាមុនសិន មុនចូលកាន់តំណែង។