ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជារឲ្យរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួនដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា

ភ្នំពេញ: សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបទបញ្ជាមួយចំនួនបន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួនដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា​។

ការថ្លែងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងខ ណៈដែលអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថានថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា” សកម្ម ភាពទាំងនេះ ត្រូវទប់ស្កាត់ឱ្យបាននូវការយកសាសនាទៅធ្វើជាមធ្យោបាយសម្រាប់ទាញយកប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមណាមួយ។ (២) អនុវត្តន៍ច្បាប់ឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ចំពោះការអន្តរាគមន៍គ្រប់កម្រិត ចំពោះអ្នកប្រព្រឹត្តបទល្មើសនានា​ ពិសេស លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់” ។

ចំណុចទី (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី-ភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍។

អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន, និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការដ៏ល្អ ដើម្បីសម្រេចបាននូវកិច្ចគាំពារបរិស្ថាន, ការគ្រប់គ្រងធនធានធម្មជាតិ, ការអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍ និងការរស់នៅដោយបរិស្ថានល្អ និងចីរភាព ៕