ព្រៃវែង៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង កាលពីវេលាម៉ោង១៣ និង៤៥នាទី នាថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២៤ បានឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSsang Yong ជាប្រភេទរថយន្តដឹកអ្នកដំណើរចំណុះ ១៥កៅអី ស្លាកលេខភ្នំពេញ2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទាចំនួន២៤០០០គ្រាប់ ឃាត់នៅភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រថយន្តខាងលើនេះបានដឹកស៊ុតមាន់និងស៊ុតទាមកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅក្នុងខេត្តព្រៃព្រៃវែង(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុត ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។