ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកនាង កន្និដ្ឋា ថា លោក ស៊ូ សុជាតិ គួរតែធ្វើការលាលែងពីតំណែង ក្នុងពេលឆាប់ៗ បើគាត់មិនលាលែងតំណែងទេ សូម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដកតំណែងរបស់លោកចេញ និងដាក់អ្នកថ្មីដែលមានសមត្ថភាពខ្ពស់ជាងគាត់ជំនួសវិញ

ភ្នំពេញ៖ អ្នកនាង កន្និដ្ឋាបានលើកឡើងជាថ្មីម្តងទៀតថា លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា គួរតែធ្វើការលាលែងពីតំណែង ក្នុងពេលឆាប់ៗ បើគាត់មិនលាលែងតំណែងទេ សូម ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដកតំណែងរបស់លោកចេញ និងដាក់អ្នកថ្មីដែលមានសមត្ថភាពខ្ពស់ជាងគាត់ជំនួសវិញ។
ការលើកឡើងនេះធ្វើឡើង ខណៈ អ្នកនាង កន្និដ្ឋា បានលើកកំហុស៦យ៉ាងរបស់ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ថា លោកគួរតែធ្វើការលាលែងពីតំណែងទៅ ដោយចែកន្និដ្ឋាបានរៀបរាប់ក្នុងវីដេអូរបស់ខ្លួនថា លោក ស៊ូ សុជាតិ ជាមនុស្សអសមត្ថភាព ក្នុងការធ្វើជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ ដូច្នេះលោក ស៊ូ សុជាតិ គួរតែធ្វើការលាលែងពីតំណែង ក្នុងពេលឆាប់ៗ បើគាត់មិនលាលែងតំណែងទេ សូមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដកតំណែងរបស់លោក ស៊ូ សុជាតិចេញ និងដាក់អ្នកថ្មីដែលមានសមត្ថភាពខ្ពស់ជាងគាត់ ជំនួសវិញ។
អ្នកនាង កន្និដ្ឋា សូមជម្រាបជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នថា ករណីក្រុមហ៊ុន CiC នេះ វាគឺជាការបាត់បង់សាជីវកម្មដ៏ធំបំផុតនៅក្នុងមួយប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើង ចុះតើហេតុអ្វីទើបលោក អគ្គនាយក ស៊ូ សុជាតិ មិនបានធ្វើសវនកម្ម ទៅលើក្រុមហ៊ុន CiCនិង ទាំងដែលនេះវាគឺជាចំណេះដឹងមូលដ្ឋានគ្រឹះនៃគណនេយ្យភាព សាជីវកម្មសោះនិង។
អ្នកនាង កន្និដ្ឋា បានរំលឹកថា នៅពេលដែលប្រទេសកម្ពុជារបស់យើងមានមនុស្សដូចជាអគ្គនាយក ស៊ូ សុជាតិ ក្រុមហ៊ុនផ្សេងៗទៀតទៅថ្ងៃអនាគត និងអាចបរាជ័យនៅក្នុងប្រទេសកម្ពុជាយើង ដោយគ្មានការទទួលខុសត្រូវ មហាជនខ្មែរមិនគាំទ្រមនុស្សដូច អគ្គនាយក ស៊ូ សុជាតិទេ ដោយគាត់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឯង អោយបានត្រឹមត្រូវ។
ចំណែក លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ ម្ដងហើយម្ដងទៀត ថា លោកការពារផលប្រយោជន៍ដ៏ល្អបំផុត សម្រាប់វិនិយោគិន។
ប៉ុន្តែសំរាប់អ្នកនាងកន្និដ្ឋាវិញលើកឡើងថា សកម្មភាពរបស់គាត់គឺវាបានផ្ទុយពីពាក្យសម្ដីរបស់គាត់ តើអោយសាធារណៈជន អាចទុកចិត្តមន្រ្តីសាធារណៈដែលជាអ្នកបំរើរាស្រ្ត បានដោយរបៀបយ៉ាងណា បើគាត់មិនទាំងបានធ្វើសកម្មភាពការពារ ដល់សាធារណៈផងហ្នឹង។
ក្រោយពីមានការផ្សព្វផ្សាយតាមហ្វេសប៊ុក រួមទាំងការលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះម្នាក់ផង ក្នុងរឿងដាក់ទុន បានការប្រាក់ខ្ពស់រួចមក ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃេបភីថល ផាតនើ ហៅកាត់ថា CIC បានចេញសេចក្តីបំភ្លឺ ជូនសាធារណជន និងវិនិយោគិនទាំងអស់ថា ករណីក្រុមហ៊ុនរបស់ខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់ ដូចការចោទប្រកាន់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។
ករណីអ្នកវិនិយោគ ជាឧកញ៉ា មហាសេដ្ឋី បញ្ញាវន្ត និងប្រជាពលរដ្ឋ ដាក់លុយវិនិយោគ ហើយទទួលបានការប្រាក់ខ្ពស់ និងទិញដីធ្លីនេះ ត្រូវបានក្រុមហ៊ុន CIC ប្រកាសថា ជាវិបត្តិសន្ទនីយភាពសាច់ប្រាក់ ដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។
សេចក្តីបំភ្លឺរបស់ក្រុមហ៊ុន CIC ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក៏បានបង្ហាញថា ក្រុមហ៊ុន នៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។
ក្រុមហ៊ុន នឹងបន្តធ្វើការដោយអនុលោម ទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា ( ន.ម.ក ) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិន ជាអាទិភាព។
នៅថ្ងៃតែមួយ គឺកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញប្រកាសព័ត៌មានមួយសន្លឹក ពាក់ព័ន្ធនឹងក្រុមហ៊ុន CIC ដោយបានបញ្ជាក់ជាថ្មីថា និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវចំណាត់ការជាច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតវិធីគាំពារវិនិយោគិនជាធរមាន។