(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។
ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យដែលប្រារព្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោកបានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ និងបន្តដោះស្រាយឱ្យចំបញ្ហាដោយផ្តល់នូវសេវាដ៏ល្អប្រកបដោយការយកចិត្តទុកដាក់ព្រោះជាភារកិច្ចស្នូលរបស់មន្ត្រីរាជការដែលជាកូនចៅ និងជាអ្នកបម្រើរបស់ប្រជាពលរដ្ឋត្រូវតែបំពេញ។
ក្រៅពីការណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំងពីរលោក រំលឹកពីសារៈសំខាន់លើការផ្សព្វផ្សាយទៅដល់ខ្នងផ្ទះជូនក្រុមយុវជនក្នុងមូលដ្ឋានដែលមានជីវភាពក្រីក្រនិងងាយរងហានិភ័ យឱ្យបានដឹងពីគុណប្រយោជន៍នៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាកម្មវិធីនយោបាយអាទិភាពមួយរបស់គណបក្សដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានជំនាញជាក់លាក់ និងទទួលបានការងារសមរម្យក្នុងរយៈពេលខ្លីក្នុងការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកប្រធានក្រុមការងារ សង្កត់ធ្ងន់ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ គឺជាឧត្តមភាពដ៏សំខាន់សម្រាប់អាជ្ញាធរ និងក្រុមការងារចុះមូលដ្ឋានដើម្បីបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតព្រោះយុវជនក្រុមគោលដៅនឹងទទួលបានការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែក្នុងអំឡុងពេលនៃការសិក្សា ហើយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ធានារកការងារជូនក្រោយបញ្ចប់ការសិក្សាជាមួយនឹងប្រាក់ខែសមរម្យថែមទៀតផង។
លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ ជឿជាក់ថា តាមរយៈការផ្តល់សេវាល្អប្រសើរ រហ័សប្រកបដោយការយកចិត្តទុកដាក់ រួមទាំងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនក្រីក្រដោយឥតគិតថ្លៃដើម្បីការងារសមរម្យហើយនោះ ក្រុមការងារមូលដ្ឋាននៃខណ្ឌទាំងពីរនឹងទទួលបានការគោរពស្រឡាញ់ ទុកចិត្ត និងជឿជាក់ពីសំណាក់ពលរដ្ឋមូលដ្ឋានដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាចង់បាន៕
#HENGSour #CPP