ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាអរគុណសាធារណរដ្ឋកូរ៉េចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ

(ភ្នំពេញ)៖ lok ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ លោក​​ LEE Jaeyoo (លី ជេយូ) អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍ នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារ នៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។
លោក​​រដ្ឋមន្ត្រីបានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះលោក​​រដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុក របស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នា ដែលកំពុងដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។
ដោយឡែកលោក​​ អគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បានជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់សាធារណកូរ៉េ ទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។
តាមរយៈជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕


#MLVT #HENGSour