ភ្នំពេញ: នៅព្រឹក ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២ ៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីអញ្ជើញ ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។
អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា៕