(ភ្នំពេញ) អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពា ណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានៅថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២៤ដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា។
កម្មវិធីនេះក៏មានការចូលរួមពី សមាជិក សមាជិកា និងលោក Liu Xiang អនុប្រធានមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិននិងគណៈប្រតិភូចិន ចូលរួមកម្មវិធីផ្សព្វផ្សាយជំរុញធុរកិច្ច និងវិនិយោគ សម្រាប់គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន ក្រោមអធិបតីភាព លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Liu Xiang អនុប្រធានមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន។
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មតំណាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ពិធីនេះរៀបចំឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាន។
លោកបានលើកឡើងថា ទន្ទឹមនឹងការប្រឈមមុខនឹងបញ្ហាប្រឈមជាសាកលនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើកំណែ ទម្រង់យ៉ាងស៊ីជម្រៅជាមួយនឹងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ ក្នុងការថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីធានា និងរក្សាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយកម្ពុជា ទៅជាប្រទេសមួយដែលល្បីល្បាញដោយសារការរីកចម្រើនយ៉ាងស្វាហាប់ ការអភិវឌ្ឍសង្គម និងការគោរព លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស។
ជាលទ្ធផល កម្ពុជាទទួលបានសុខសន្តិភាព និងរក្សាបាននូវ ស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចដោយមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧% (១៩៩៨-២០១៩) និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។
អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៤៧.៨% ក្នុងឆ្នាំ២០០៧ មកនៅក្រោម ១០% ក្នុងឆ្នាំ២០១៩ ខណៈពេល ដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ១៧០០ ដុល្លារក្នុងឆ្នាំដដែល ហើយសហគមន៍អន្តរជាតិបានដាក់ឈ្មោះប្រទេសកម្ពុជាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ក្នុងឆ្នាំ២០១៦។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវទស្សនវិស័យវែងឆ្ងាយនិងច្បាស់លាស់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខនេះ។
លោករដ្ឋលេខាធិការបានជំរាបជូនថា ស្របតាមចក្ខុវិស័យនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបន្តដឹកនាំជាតិឆ្ពោះទៅរកវឌ្ឍនភាពនិងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ «រក្សាចាស់ ពង្រីកថ្មី» ដោយពង្រឹងប្រសិទ្ធភាព និង ពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈការដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ» សំខាន់ៗ ដែលបានកំណត់ទិសដៅ និងអាទិភាពនានាក្នុងការដឹកនាំប្រទេសជាតិ ដោយឆ្លើយតបទៅនឹងស្ថានភាព និងនិន្នាការថ្មីក្នុងសកលលោក និងក្នុងតំបន់។
សូមរលឹកថា កាលពីចុងខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចធិបតី ក៏បានប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»ក្នុងគោលបំណង ចូលរួមចំណែកប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចចម្បង និងគំរូមួយរបស់កម្ពុជាតាមរយៈការដោះស្រាយបញ្ហាដែលមានចំពោះមុខក៏ដូចជាការប្រើប្រាស់នូវសក្តានុពល និងធនធានអំណោយផល ដែលមានស្រាប់ក្នុងខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ប្រកបដោយប្រសិទ្ធភាព។
កម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងសំដៅដោះស្រាយគម្រោងវិ និយោគជាប់គាំង និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ជាមួយនឹងការសម្របសម្រួល និងការផ្តល់ការគាំទ្រទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធជូនវិនិយោគិននិងធុរជនព្រមជាមួយនឹងការជំរុញលើកកម្ពស់វិស័យឧស្សាហកម្មនានា ដោយផ្តោតលើការអភិវឌ្ឍតំបន់ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាការបង្កើនសមត្ថភាពស្ថាប័នអនុវត្ត និងភាគីពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។