(សៀមរាប)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមេគង្គលើកទី២ ស្តីពីបម្លាស់ទីកម្លាំងពលកម្ម ក្រោមអធិបតីភាព លោក ហ៊ូ វឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្ត្រី ហេង សួរ ក្រោមកិច្ចសហការរៀបចំដោយកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដោយមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ប្រមាណ ៦០នាក់ មកពីតំណាងអន្តរក្រសួង តំណាងប្រទេសមហាអនុតំបន់មេគង្គ (GMS) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ធនាគារអភិវឌ្ឍន៍អាសុី (ADB) ជំនាញការ និងដៃគូអភិវឌ្ឍន៍។
កិច្ចសន្ទនានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិការួមមួយសម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធក្នុងការចែករំលែក ពិភាក្សា និងកំណត់ដំណោះស្រាយនូវហានិភ័យ និងបញ្ហាប្រឈមដែលទេសន្តរប្រវេសករជួបប្រទះ នៅគ្រប់ដំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ ដែលជាកត្តាជំរុញសមាហរណកម្ម និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។
លោក ហ៊ូ វឌ្ឍី បានលើកឡើងថា សម្រាប់កម្ពុជា ទេសន្តរប្រវេសន៍កម្លាំងពលកម្ម ជាកាតាលីករជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា សម្រាប់ឆ្នាំ២០៣០ និង ២០៥០។
ការបញ្ជូនពលកររបស់កម្ពុជា ទៅធ្វើការក្នុងប្រទេស GMS បានបង្ហាញពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ ដែលមានភាពទូលំទូលាយ សមាហរណកម្ម និរន្តរភាព និងបរិយាបន្ន ដែលនឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ក៏ដូចជាលើកកម្ពស់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងពង្រឹងការការពារវដ្តនៃដំណើរការទេសន្តរប្រវេសន៍ទាំងមូល។
អង្គកិច្ចសន្ទនា បានពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាឧត្តមានុវត្ត ស្តីពី (១) ការជំរុញទេសន្តរប្រវេសន៍ការងារដោយស្របច្បាប់ (២) ទំនាក់ទំនងរវាងបម្រែបម្រួលអាកាសធាតុ និងបម្លាស់ទីកម្លាំងពលកម្ម និង (៣) ប្រាក់បញ្ញើត្រឡប់មកវិញ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ អង្គកិច្ចសន្ទនា បានកំណត់ទិសដៅរួម ក្នុងការការផ្តល់អាទិភាពដល់ការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្ស ពង្រីកសក្ដានុពលទីផ្សារការងារ និងជំរុញការធ្វើចល័តភាពនៃអត្ថប្រយោជន៍ និងការការពារសន្តិសុខសង្គម ក៏ដូចជាការលើកកម្ពស់សិទ្ធិទេសន្តរប្រវេសករ និងការដោះស្រាយគម្លាតជំនាញក្នុងបណ្តាប្រទេស GMS ។
លទ្ធផលនៃកិច្ចសន្ទនាមេគង្គលើកទី២ នេះ គឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនៃបណ្តាប្រទេស GMS ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសុខុមាលភាពរបស់ទេសន្តរប្រវេសករក្នុងតំបន់ ដែលចាត់ទុកការអនុវត្តកិច្ចគាំពារ និងការពារសិទ្ធិការងារ ជាការអនុវត្តសិទ្ធិមនុស្ស៕
#MLVT #HENGSour