ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ​​ អញ្ជើញប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ

(ពោធិ៍សាត់)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ២៨ មេសា ក្រោមប្រធានបទ “ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាព និងសុខភាពការងារ” ដែលធ្វើឡើងនៅក្នុងក្រុមហ៊ុន ថូភេក អេឡិកទ្រិក ឯ.ក នាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក​​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តំណាងអង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីនិយោជក និងតំណាងភាគីសហជីព។
ក្នុងនោះលោករដ្ឋមន្ត្រី បានពន្យល់ និងរំលឹកពីសារៈសំខាន់នៃការប្រារព្ឋទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារដែលជាយន្តការអន្តរជាតិដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត រងគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ និងដើម្បីលើកកម្ពស់ការងារសមរម្យប្រកបដោយសុវត្ថិភាព និងសុខភាពការងារ។
លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅកាន់អង្គពិធីដែរថា ប្រទេសកម្ពុជាបានប្រារព្ធរយៈពេល១៩លើកមកហើយ ដែលជាការបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការគិតគូរជាអាទិភាពលើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យវិស័យឯកជនបន្ត និងខិតខំវិនិយោគបន្ថែមលើបច្ចេកវិទ្យាថ្មីៗនៅតាមរោងចក្រ សហគ្រាសដែលមិនបង្កផលប៉ះពាល់ដល់បរិយាកាសក្នុងពេលបំពេញការងាររបស់កម្មករនិយោជិត ក៏ដូចជាការបន្តអនុវត្តឱ្យបានល្អបំផុតទៅតាមបទដ្ឋានបច្ចេកទេសស្តីពីសុវត្ថិភាពនៅកន្លែងការងារដែលក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈបានណែនាំដើម្បីសុវត្ថិភាពការងារដល់កម្មករនិយោជិត។
បន្ថែមពីនេះ រោងចក្រសហគ្រាសត្រូវតែមានក្រុមគ្រូពេទ្យការងារដើម្បីអាចពិនិត្យមើលលើស្ថានភាពសុខភាពជាក់ស្តែងរបស់កម្មករផង និងដើម្បីត្រៀមសង្គ្រោះបឋមពេលមានបញ្ហាសុខភាពណាមួយផងដែរ ដែលជាផ្នែកមួយនៃស្តង់ដារសុវត្ថិភាពការងារ។
លោក ហេង សួរ បានគូសបញ្ជាក់ថា ការបង្កើតបាននូវ​សុខសុវត្ថិភាព​ដែលមាន​លក្ខណៈស្តង់ដារ​នៅតាមរោង​ចក្រសហគ្រាស នឹងផ្តល់ផលប្រយោជន៍យ៉ាងពិតប្រាកដជូនទាំងកម្មករនិយោជិត និងនិយោជក​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែលជាក្តីប្រាថ្នាចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕


#MLVT #HENGSour