ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

«ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិ

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤នេះបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពស៊ើបអង្កេត ពាក់ព័ន្ធនឹងច្បាប់ និងបទប្បញ្ញត្តិក្រោមសមត្ថកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប.» ។
កម្មវិធីនេះ ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ) សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ១៥០រូប (ចង្កោមទី២)។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ក ន្លងទៅ អគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនូវការធ្វើតេស្តសមត្ថភាពមន្រ្តីទាំងអស់នៅអគ្គនាយកដ្ឋាន ក.ប.ប. ម្តងរួចហើយដើម្បីអាចវាស់ស្ទង់អំពីសមត្ថភាពជាក់ស្តែង ចំណុចខ្លាំង និងចំណុចខ្សោយ ពាក់ព័ន្ធនឹងការយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងបទពិសោធន៍នៅក្នុងការអនុវត្តច្បាប់ផងដែរ។

ហេតុដូចនេះ ក្រោយការធ្វើតេស្តសមត្ថភាព អគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញថាមានជំនាញមួយចំនួនទៀត តម្រូវឲ្យមន្ត្រីអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. បំពេញបន្ថែមនិងបន្តពង្រឹងសមត្ថភាព ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ។
ជាលទ្ធផល អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយទីភ្នាក់ងារ GIZ រៀបចំវគ្គបណ្តុះបណ្តាលក្នុងរយៈពេល២ថ្ងៃនេះ និងត្រៀមការបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដោយធ្វើការបែងចែកជាក្រុម (Grouping) តាមកម្រិតសមត្ថភាពនិងការយល់ដឹងរបស់មន្ត្រី ក្នុងគោលដៅបំពេញបន្ថែមនូវចំណេះដឹង និងជំនាញ ដែលខ្វះខាតទាំងនោះ ។

វគ្គបណ្តុះបណ្តាលគ្រោងនឹងរៀបចំឡើងចំនួន ៤លើក ដែលនេះជាវគ្គបណ្ដុះបណ្ដាលលើកទី២ ផងដែរ សម្រាប់មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប.ទាំងអស់៕