ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បដិសេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់

ភ្នំពេញ៖អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នេះបាន​​បដិ​សេធយ៉ាងដាច់អហង្ការទៅលើការចុះផ្សាយរបស់សារព័ត៌មាននិរទេសរត់ចោលស្រុក “The Cambodia Daily” ដែលបានលើកឡើងយ៉ាងងងឹតងងល់ និងជាការមួលបង្កាច់យ៉ាងព្រៃផ្សៃថា លោក គុណ ញឹម បានសូកប៉ាន់ដើម្បីពន្យារអាយុចូលនិវត្តន៍ដល់ឆ្នាំ ២០២៨។
សេចក្តីប្រកាសព័ត៌មា ដែលសារព័ត៌មាន ដេលីខ្មែរទទួលបានបញ្ជាក់ថា ការលើកឡើងមួលបង្កាច់យ៉ាងងងើល និងអគតិបែបនេះ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំតែម្ដង។

សូមបញ្ជាក់ថា លោក គុណ ញឹម បានទទួលការអនុញ្ញាតឱ្យបន្តដឹកនាំរដ្ឋបាលគយនិងរដ្ឋាករដល់ឆ្នាំ២០២៨ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនា-បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺតាំងតែពីរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភាម្ល៉េះដែលមានឯកសារដូចភ្ជាប់មកជាមួយនេះ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនជឿថា មានមន្ត្រីគយធ្វើលិខិតផ្ដល់ព័ត៌មានមួលបង្កាច់ទៅកាសែតនេះទេ។តែបើសិនជាមានមន្ត្រីគយធ្វើបែបនេះ ដូចកាសែតគ្មានអាជីពនេះបានលើកឡើងនោះ, មន្ត្រីនោះពិតជាឆោតល្ងង់ដូចកាសែតនេះដែរ ព្រោះ ទី១ ធ្វើឱ្យអ្នកដឹកនាំស្គាល់ចរិតមួលបង្កាច់របស់ខ្លួន និង ទី២ បានទម្លាក់តម្លៃខ្លួនទៅជាឧបករណ៍ដាច់ថ្លៃរបស់កាសែតថោកទាបគ្មានអាជីពមួយនេះ។
ដោយឡែក នេះមិនមែនជាលើកទី១ទេ ដែលកាសែតឌឹខេមបូឌាដេលី និងបុគ្គលស៊ីឈ្នួលឱ្យបរទេសបម្រើកាសែតនេះបានវាយប្រហារដោយមួលបង្កាច់មកលើមន្ត្រីរាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា។ ការមួលបង្កាច់ដោយងងើលដដែលៗ ក៏បង្ហាញឱ្យកាន់តែច្បាស់ពីចរិត និងធាតុពិតនៃកាសែតនេះ ដែលជាឧបករណ៍ប្រឆាំងផ្កាប់មុខ ស្មោកគ្រោក អសីលធម៌ និងមួលបង្កាច់គ្មានរើសមុខ និងគ្រប់រឿង។