រតនគិរី៖ ប្រជាពលរដ្ឋនិងមន្រ្តីរាជការមួយចំនួនបានបញ្ជាក់ប្រាប់ ភ្នាក់ងារសារព័ត៌មាន ដេលីខ្មែរថា សព្វថ្ងៃនេះ ហេតុអ្វី អភិបាខេត្តរតនគិរី លោក ញ៉ែម សំអឿន មើលមិនឃើញ ការជីករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងទ្រង់ទ្រាយធំនៅភូមិការណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស យ៉ាងដូច្នោះដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន។
ករណីជីកកកាយរករ៉ែត្បូង យ៉ាងគគ្រឹកគគ្រេងគឺស្ថិតនៅ ក្នុងភូមិភូមិការណាត ឃុំតាឡាវ អណ្តូងមាស ខេត្តរតនគិរី។
មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្រុកអណ្ដូងមាស និងស្ថាប័នជំនាញស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋអះអាងថា បានចុះមើលសកម្មភាពរុករករ៉ែត្បូងនោះស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មានវិធានការបង្ក្រាបព្រោះខ្លាចបុណ្យស័កលោកឧកញ៉ាម្នាក់ឈ្មោះ ចិន សំណាង ដែលជាម្ចាស់ក្រុមហ៊ុន។
ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ករណីនេះ បើលោកអភិបាលខេត្តមិនចាត់វិធានការទេនឹងនាំផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែមន្ត្រីដែលចុះទៅមើលដំណើរការរណ្ដៅរ៉ែត្បូងទាំងនោះមិនធានាចំពោះបញ្ហាប្រឈមតាមផ្លូវច្បាប់ទេ ប្រសិនបើថ្នាក់ដឹកនាំខេត្តឬ មន្ទីរចាត់វិធានការណាមួយ។
អ្នកភូមិការណាត ឃុំតាឡាវ ស្រុកអណ្ដូងមាស បានអះអាងថា ពិតជាមានករណីជីកយករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងភូមិការណាត ឃុំតាឡាវស្រុក អណ្តូងមាស ខេត្តរតនគិរី ដែលសកម្មភាពជីករុករករ៉ែត្បូង ផ្ដើមកាលពីចុងខែមេសាកន្លងទៅរហូតមកដល់ពេលនេះ គេមិនទាន់ឃើញក្រុមមន្ត្រីអាជ្ញាធរ ឬស្ថាប័នជំនាញចុះមកសាកសួរ ឬមានវិធានការទប់ស្កាត់ឡើយ ។
បន្ថែមពីនេះសេចក្តីរាយការណ៍លើកឡើងថា ថ្មីៗនេះ មានស្ថាប័នមន្ត្រីជំនាញបានចុះអើតឈ្ងោករបៀបលាក់លៀមដោយបង្គាប់យកលុយ ពីម្ចាស់ធ្វើអាជីវកម្មជីករ៉ែត្បូងរួចត្រឡប់មកវិញស្ងាត់ឈឹង។ ជាមួយនេះ ក៏មានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនិងស្រុក ទៅសុំលុយម្ចាស់អាជីវកម្មរុកៗរ៉ែត្បូង។
ប្រភពបានរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពរបស់អ្នកជីករ៉ែត្បូងទាំងនោះមិនអត់ប្រយោជន៍ទេ ពីព្រោះមានក្រុមអ្នកឈរចាំទិញនៅមាត់រណ្ដៅតែម្ដង។ ដោយសារតែមានអ្នកឈរចាំទិញ នៅតាមមាត់រណ្ដៅនោះហើយ ទើបសកម្មភាពជីករុករករ៉ែត្បូងកំពុងធ្វើឡើងយ៉ាងសកម្មយ៉ាងមមាញឹក។
ប្រភពបានបន្ថែមថា មានកុងសែឈរចាំទិញត្បូងដែលគេជីកបានភ្លាមៗដើម្បីយកទៅឲ្យឧកញ៉ាម្នាក់ទៀត ដែលមិនត្រូវបានគេប្រាប់ឈ្មោះទេ ។ បើតាមអ្នកភូមិនៅទីនោះប្រាប់ថា មានការរៀបចំរចនាសម្ព័ន្ធ ត្រឹមត្រូវនៅក្នុងការជីករុករករ៉ែត្បូងនៅទីនោះ។
មន្រ្តីប្រចាំការម្នាក់ធ្វើការឲ្យក្រុមហ៊ុន លោកឧកញ៉ា ចិន សំណាង បានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី២១ ខែឧសភានេះថា សកម្មភាពរ៉ែត្បូងខាងលើគឺ មានច្បាប់យូរមកហើយ រួចបានធ្វើអាជីវកម្មជាងមួយឆ្នាំគ្នាមកហើយនៅខេត្តរតនគិរីនេះ ប៉ុន្តែឥឡូវនេះ ដោយសារតែអាជ្ញាបណ្ណផុតសុពលភាព ត្រូវបន្តទៀតទើបមានព័ត៌មានផ្ទុះឡើង ឥឡូវនេះ លោកឧកញ៉ាម្ចាស់អាជីវកម្មបាននិងកំពុងទាក់ទងទៅក្រសួងរ៉ែ និងថាមពល ដើម្បីសុំបន្តអាជ្ញាបណ្ណឡើងវិញ។
នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤នេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងមន្រ្តីពាក់ព័ន្ធបាននៅឡើយទេ។
សូមជំរាបថា សកម្មភាពជីកកកាយរកត្បូង នៅក្នុងតំបន់ខាង លើនេះធ្លាប់កើតជាញឹកញាប់ ហើយក៏ធ្លាប់ធ្លាយរឿង អាស្រូវពាក់ព័ន្ធនឹងមន្ត្រីរបស់លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តរតនគិរីនោះផងដែរ។
ដំណើរការជីកកកាយរក រ៉ែត្បូង លើកនេះប្រព្រឹត្តទៅដោយរលូន ពីព្រោះមានឧកញ៉ាម្នាក់ ដែលគេសង្ស័យថា ជាអ្នកវិនិយោគជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ហើយសកម្មភាពជីកកកាយប្រព្រឹត្តទៅដោយរលូន ដែលមើលទៅហាក់ ដូចជា គ្មានមន្ត្រីណាខ្វល់ខ្វាយនិងចុះទៅត្រួតពិនិត្យនោះឡើយ។
ជារួមប្រជាពលរដ្ឋនិងមន្រ្តីរាជការមួយចំនួន បានស្នើសុំទៅ អភិបាខេត្តរតនគិរី លោក ញ៉ែម សំអឿន មេត្តាចាត់វិធានការតាមផ្លូវច្បាប់ តើការជីករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងដូច្នោះដែលស្ថិត នៅភូមិការណាត ឃុំតាឡាវ ស្រុកអណ្ដូងមាសនោះ មានច្បាប់អនុញ្ញាតិឬយ៉ាងណាបានជាសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប។