(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទូទាំងប្រទេសចំនួន១១ទៀត របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1) បន្ទាប់ពីបើកបវេសនកាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ គឺដើម្បីវាយតម្លៃបញ្ជាក់សមត្ថភាពដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាមុនឈានជើងចូលទីផ្សារការងារ។
គ្រឹះស្ថានទាំង១១នោះរួមមានវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍, វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ, វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជាដើម ដែលបានបណ្តុះបណ្តាលសិក្ខាកាមលើវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ។
លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា វិទ្យាស្ថាន បានប្រឡងបញ្ជាក់សមត្ថភាពដល់សិក្ខាកាមសរុប១៩២ នាក់លើជំនាញ៧មុខដូចជា ជំនាញធុរៈកិច្ច,ភេសជ្ជៈ,ម្ហូបអាហារ,ការផលិតនំ,អគ្គិសនី,ម៉ាស៊ីនត្រជាក់ និងសម្អាងកាយ។
លោកបានបញ្ជាក់បន្ថែមថា៖ «ក្រោយពីបណ្ដុះបណ្ដាលរយៈពេល ៤ខែមកនេះ ខ្ញុំឃើញសមត្ថភាពរបស់ពួកគាត់ពិតជាមានសមត្ថភាពអាចធ្វើបាន ជាពិសេសនៅពេលដែលបញ្ចប់ពួកគាត់អាចទៅបើកអាជីវកម្មខ្នាតតូចសម្រាប់ខ្លួនឯងផ្ទាល់ និងមួយចំនួនទៀតអាចទៅធ្វើការនៅក្រុមហ៊ុន ឬរោងចក្រ សហគ្រាសនានា»។
បើតាមលោក តាន់ កុសល បច្ចុប្បន្នមិនថាធ្វើការនៅតាមក្រុមហ៊ុន និងសហគ្រាសនានា ឬបើកអាជីវកម្មខ្លួនឯងក៏ដោយ គឺសុទ្ធតែត្រូវការជំនាញ។ ទន្ទឹមនឹងនេះ លោក តាន់ កុសល ក៏បានអំពាវនាវដល់យុវជនដែលមិនទាន់មានជំនាញទាំងអស់ បន្តចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទូទាំងប្រទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលប្រសិនមានបណ្ណសមធម៌ដើម្បីមានជំនាញមួយពិតប្រាកដ និងមានប្រាក់ចំណូ លសមរម្យដើម្បីខ្លួនឯង និងសង្គមជាតិ។
សូមបញ្ជាក់ថា គ្រឹះស្ថានចំនួន៣៥ក្នុងចំណោម៣៧ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបណ្តុះបណ្តាលវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមប្រមាណជិត៤ពាន់នាក់ដោយបែងចែកជា៣លើក។ នៅថ្ងៃទី២០ ខែឧសភានេះ គឺជាការធ្វើតេស្តលើកទី២បន្ទាប់ពីគ្រឹះស្ថានចំនួន១៤បានធ្វើតេស្តលើកទី១កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅ ហើយខណៈដែលគ្រឹះស្ថានចំនួន១០ផ្សេងទៀតនឹងធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខ៕
#MLVT #HENGSour #TVET