ទីក្រុងតូក្យូ,ប្រទេសជប៉ុន៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ លោក Le Minh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពី លោកទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងគណៈប្រតិភូអមនៃប្រទេសទាំងពីរ។
ជំនួបនេះធ្វើឡើង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០ ២៤ ឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី ឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានរំលេចឡើងរួមគ្នាអំពីកិច្ ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិ បាល បើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់ និងមិនប្រាកដប្រជាក៏ដោយ។
បន្ថែមពីនេះភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
បន្ថែមពីនេះឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញការតាំងចិត្ត និងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាមធ្វើយ៉ាង ណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។
ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់លម្អិតបន្ថែមអំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់ ឧបនាយករដ្ឋមន្ត្រី Le Minh Khai ផងដែរ ដោយគម្រោងនេះជាព្រែកជីក ដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។
ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ដែលក្នុងនោះមានកម្រិតជំនាញជាសាស្រ្តា ចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញ ទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ។
ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។
ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ ម៉ែត្រគូ បក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។
បន្ទាប់ពីបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយ និងការបង្ហាញទិន្នន័យជាក់លាក់ ភាគីគណៈប្រតិភូវៀតណាមបានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយសង្ឃឹមថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ៕