ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បើកកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”

ភ្នំពេញ: អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃសាលាខណ្ឌព្រែកព្នៅបានសហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ។
កម្មវិធីនេះ ក្រោមការដឹកនាំនិងសម្របសម្រួលដោយលោក ឃឹម ឧត្តម អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្ត និង គ្រប់គ្រងអាជ្ញាបណ្ណ តំណាង លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. និងលោក ហូរ ហួត អភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ តំណាងលោក ជឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខណ្ឌ។
លោកអធិការរងនៃអធិការដ្ឋាននគរបាល ខណ្ឌ, លោកមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ, លោកនាយបុស្តិ៍នគរបាលខណ្ឌ, លោកនាយរងបុស្តិ៍នគរបាលខណ្ឌ, លោកចៅសង្កាត់, លោកប្រធានការិយាល័យចំណុះ, លោក-លោកស្រី អនុប្រធានការិយាល័យចំណុះ និងមន្ត្រីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងប្រតិបត្តិករល្បែង ផ្សងសំណាង សរុប ៤៥ នាក់។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង៖ ១. បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះនិង ផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខណ្ឌ ព្រែកព្នៅ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់និង ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបាននិងកំពុង កើតមានឡើង។
នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង ២. បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅខណ្ឌព្រែកព្នៅ សំដៅផ្លាស់ប្តូរ ព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួនលើការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬ អាជ្ញាបណ្ណសាខា និង/ឬលិខិតអនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក. ។
ទី៣. លើកកម្ពស់ការយល់ដឹងឱ្យកាន់តែ ទូលំទូលាយនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សង សំណាង ដើម្បីជំរុញអនុលោមភាពនិងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង និងចូលរួម កាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាអតិបរមាពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្នុងកិច្ចប្រជុំពិភាក្សានេះដែរ លោក ឃឹម ឧត្តម តំណាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក៏បាន បញ្ជាក់ជូនអង្គប្រជុំផងដែរថា មកដល់បច្ចុប្បន្ន គ.ល.ក. បានផ្តល់អាជ្ញាបណ្ណល្បែងផ្សងសំណាង ចំនួន ២១ អាជ្ញាបណ្ណសាខាល្បែងផ្សងសំណាង ចំនួន ៤៥ និងប៉ុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ សម្រាប់តែ ប្រភេទឆ្នោតកោសឆ្នោតសន្លឹកនិងឆ្នោតឡូតូ (ប្រភេទ ៥ខ្ទង់ ៦ខ្ទង់ ឬ៧ខ្ទង់) នៅទូទាំងប្រទេស ហើយ ខណ្ឌព្រែកព្នៅ មានប៉ុស្តិ៍សេវាចំនួន ២ ទីតាំងរបស់ក្រុមហ៊ុនចំនួន ២ និងពុំមានទីស្នាក់ការកណ្តាល ក្រុមហ៊ុនល្បែងផ្សងសំណាងនិងសាខាល្បែងផ្សងសំណាងឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងនៃ គណៈអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ដែលបានរៀបចំឱ្យមាន កិច្ចប្រជុំនេះឡើង ដែលជាឱកាសសម្រាប់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានយល់កាន់ តែច្បាស់អំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការគ្រប់គ្រងល្បែងផ្សងសំណាង និងមានមូលដ្ឋាន គតិយុត្តគ្រប់គ្រាន់ដើម្បីចាត់វិធានការច្បាប់ និងបានណែនាំលោកចៅសង្កាត់ពិនិត្យមើលទៅលើទីតាំងប្រកប អាជីវកម្មឱ្យបានជាក់លាក់ ព្រមទាំងបន្តចូលរួមសហការជាមួយ គ.ល.ក. បង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ឱ្យអស់ពីក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ។

កិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នៅខណ្ឌព្រែកព្នៅ” បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរ តាមការរំពឹងទុក។