ភ្នំពេញ:ប្រភពព័ត៌មានពីមន្រ្តីតុលាការឲ្យដឹងថា លោក សោម សុធា ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុបដែលល្បីគៀងគរពលរដ្ឋវិនិយោ គដីបានការប្រាក់នោះ កាលពីថ្ងៃទី១៧ខែមិថុនានេះត្រូវបានសមត្ថកិច្ចនាំខ្លួន តាមដិកាបង្គាប់របស់ ព្រះរាជអាជ្ញា មកសាកសួរ ក្នុងសំណុំរឿងឆបោកលុយពលរដ្ឋនៅខេត្តស្វាយរៀង។
ប្រភពព័ត៌មានខាងលើនេះបញ្ជាក់ថា ចំពោះនីតិនៃការសាកសួរពីព្រះរាជអាជ្ញាខាងលើ ទាក់ទងនិង លោក សោម សុធា ករណីឆបោកនេះ មិនមានព័ត៌មានបែកធ្លាយចេញមកខាងក្រៅនោះនៅឡើយទេលើបណ្ដាញផ្សព្វផ្សាយព័ត៌មានឬទំនាក់ទំនងជាបុគ្គលខាងលើកនេះនៅមានអ្នកចេញមុខអន្តរាគមន៍ពីក្រៅឆាកទើបស្ងាត់ឈឹងយ៉ាងដូច្នោះ។
កន្លងទៅថ្មីៗនេះជនរងគ្រោះលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បង្គាប់ឱ្យចាប់ខ្លួន ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ខេត្តស្វាយរៀង លោក សោម សុធា ករណីឆបោក តែបរាជ័យ ខណៈដែលមានប្រភពព័ត៌មានបង្ហើ ថា បុគ្គលនោះមានមនុស្សស្និទ្ធនឹងមេដឹកនាំចេញមុខការពារខ្លួន។
ក្រុមហ៊ុនភូមិខ្មែរគ្រុប មានគោលការណ៍វិនិយោគដូចក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា នៅខេត្តសៀមរាប ដែរ។
ក្រុមហ៊ុននេះបានសន្យាផ្តល់ការប្រាក់ឱ្យអ្នកវិនិយោគចំនួន ៤,៤០% ក្នុង ១ខែនិងទទួលបានប្រាក់ដើមមកវិញចំនួន ២០០% ក្នុងរយៈពេល ១ឆ្នាំ។
ពលរដ្ឋរងគ្រោះរាប់រយនាក់ពីក្រុមហ៊ុនភូមិខ្មែរគ្រុប នៅខេត្តស្វាយរៀង មិនដែលទទួលបានសំណងនៅឡើយទេរយៈពេលជាង ២ឆ្នាំមកនេះ ដោយសារតែម្ចាស់ក្រុមហ៊ុនឈ្មោះ សោម សុធា កំពុងរត់គេចខ្លួន ខណៈទឹកប្រាក់ដែលពួកគេចាញ់បោកក្រុមហ៊ុននេះ គឺមានចំនួនដល់ទៅរាប់លានដុល្លារអាមេរិកឯណោះ។
ទាក់ទិននឹងបញ្ហានេះ ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ឈ្មោះ សោម សុធា ធ្លាប់បានផ្សព្វផ្សាយពីគម្រោងវិនិយោគលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលកន្លងទៅថា អ្នកដែលចូលរួមវិនិយោគក្នុងគម្រោងរបស់ខ្លួន នឹងទទួលបានទឹកប្រាក់យ៉ាងច្រើនត្រឡប់ទៅវិញ ដូចជា ការដាក់ទុនវិនិយោគក្នុងកញ្ចប់សាច់ប្រាក់ចំនួន ៥៥០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១ពាន់ដុល្លារអាមេរិក។
វិនិយោគក្នុងកញ្ចប់ ១១០០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញក្នុងចំនួន ២ពាន់ដុល្លារ វិនិយោគក្នុងកញ្ចប់ ១៦៥០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានប្រាក់ ៣ពាន់ដុល្លារ ហើយប្រសិនបើវិនិយោគក្នុងកញ្ចប់ ៣៣០០ដុល្លាររយៈពេល ១ឆ្នាំ នឹងទទួលបានប្រាក់ ៦ពាន់ដុល្លារ។
ជុំវិញការវិនិយោគនេះ កាលពីអំឡុងឆ្នាំ២០២១ ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ឈ្មោះ សោម សុធា បានចុះកិច្ចសន្យាជាមួយអ្នកដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះ ម្ចាស់ទុនវិនិយោគម្នាក់ឈ្មោះ មាយ សុម៉ារ៉ា បានដាក់ទុនជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។
សារព័ត៌មាន ដេលីខ្មែរ នៅរសៀលថ្ងៃទី១៨ខែមិថុនានេះ មិនអាចសុំការបំភ្លឺពីឈ្មោះ សោម សុធា បាននៅឡើយទេ។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញលិខិតសិទ្ធិប្រទានមួយដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ឧសភា នេះ ដើម្បីប្រគល់តួនាទីដល់ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលលោក គី តិច ឱ្យធ្វើជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងត្រូវបានឃុំខ្លួននាពេលនេះ។